បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ នៃការបង្រ្កាបទូទាំង ប្រទេសលើការ ជួញដូរអាវុធខុសច្បាប់ ។
ឧត្តមសេនីយ៍ទោ Wittaya Sriprasertparb មេបញ្ជាការ ផ្នែកបង្ក្រាបឧក្រិដ្ឋកម្ម (CSD) បាននិយាយថា ជនសង្ស័យ ដែលមានអាយុចន្លោះពី ២០ឆ្នាំ ទៅ ៥០ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការនៅទីក្រុងបាងកក និងខេត្តផ្សេងទៀត កាលពីសប្តាហ៍មុននេះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបង្រ្កាបនេះ បានធ្វើឡើងបន្ទាប់ពីយុទ្ធនាការ ថ្នាក់ជាតិមួយដែលត្រូវបានចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនាក្នុងគោលបំណង ដើម្បីរុះរើបណ្តាញ ឧក្រិដ្ឋជន ក្រុមម៉ាហ្វីយ៉ា និងក្រុមប្រដាប់អាវុធ ។ លោកបានបន្តថា យុទ្ធនាការនោះ នាំឲ្យមានការឆ្មក់ចូលចំនួន ៣២ ករណី ចាប់ខ្លួន ១៦ នាក់ និងរឹបអូសបានអាវុធ ២៣ ដើម និងគ្រាប់ ៥៦៤ គ្រាប់។
បន្ទាប់មក ប៉ូលីស CSD បានផ្តោត ទៅលើការជួញដូរអាវុធតាមប្រព័ន្ធអ៊ីនធឺណេត ជាមួយនឹងប្រតិបត្តិការ មួយដែលមានឈ្មោះថា “Operation Endgame: Bullet Express” នៅថ្ងៃទី ៥ ខែមិថុនា ដោយផ្តោតលើទីតាំងចំនួន ២២ ក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀត ។
ឧត្តមសេនីយ៍ Wittaya Sriprasertparb បាននិយាយថា ប្រតិបត្តិការរឹបអូសបានកាំភ្លើងខ្លី ពាក់កណ្តាលស្វ័យប្រវត្តិ ចំនួន៦ដើម កាំភ្លើងខ្លី៥ដើម កាំភ្លើងវែង៥ដើម កាំភ្លើងខ្លី១ដើម កាំភ្លើងកែច្នៃ១ដើម និងគ្រាប់កាំភ្លើងចំនួន៣១.៥៣៨គ្រាប់ សម្រាប់អាវុធផ្សេងៗ។
ជនសង្ស័យទាំង១២នាក់ ត្រូវបានចោទប្រកាន់ពីបទ កាន់កាប់ ឬលក់អាវុធ និងគ្រាប់កាំភ្លើង ក្នុងគោលបំណងពាណិជ្ជកម្ម ដោយគ្មានអាជ្ញាប័ណ្ណ ។ មេបញ្ជាការ CSD បាននិយាយថា ជនសង្ស័យ ភស្តុតាងទាំងអស់ត្រូវ បានប្រគល់ឱ្យប៉ូលិស ស៊ើបអង្កេត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
