ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក អំពាវនាវឱ្យមានកំណែទម្រង់អន្តោប្រវេសន៍ អាមេរិកដ៏ទូលំទូលាយ

xinhua

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា បញ្ហាអន្តោប្រវេសន៍មិនអាចដោះស្រាយបានដោយការវាយឆ្មក់ ឬអំពើហឹង្សានោះទេ ប៉ុន្តែតាមរយៈ “កំណែទម្រង់អន្តោប្រវេសន៍ដ៏ទូលំទូលាយ” ដែលទទួលស្គាល់តួនាទីរបស់ជនចំណាកស្រុកនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសអ្នកដែលរស់នៅទីនោះអស់ជាច្រើនឆ្នាំ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានសម្តែងការប្រឆាំងចំពោះការចាប់ខ្លួន និងនិរទេសជនចំណាកស្រុកដែលគ្មានឯកសារនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រីបានឲ្យដឹងថា ជនជាតិម៉ិកស៊ិក និងជនជាតិអាមេរិកឡាទីនជាច្រើននាក់ផ្សេងទៀតបានរស់នៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយទសវត្សរ៍ ហើយត្រូវបានរួមបញ្ចូលនៃការរស់នៅយ៉ាងល្អនៅក្នុងសង្គម ដោយកត់សម្គាល់ថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពឹងផ្អែកលើការចូលរួមរបស់ពួកគេនៅក្នុងកម្លាំងពលកម្ម។

បន្ទាប់ពីមានការតវ៉ានៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្រ្កាបជនអន្តោប្រវេសន៍លោកស្រី Sheinbaum បានជំរុញឱ្យក្រុមបាតុកររក្សាសន្តិភាព និងជៀសវាងអំពើហិង្សា។ លោកស្រីបានលើកឡើងថា “ការអំពាវនាវនេះគឺ ដើម្បីជៀសវាងសកម្មភាពហិង្សា និងគាំទ្រគ្នាទៅវិញទៅមក ដូចដែលយើងតែងតែធ្វើ” ដោយសង្កត់ធ្ងន់ថា ការតវ៉ាគួរតែ “តែងតែមានសន្តិភាព”។

លោកស្រីបានបន្ថែមថា “ជំហររបស់យើងតែងតែការពារជនជាតិម៉ិកស៊ិកដែលរស់នៅក្នុងសហរដ្ឋអាមេរិក” ដោយបានបន្តការអំពាវនាវឱ្យ “កំណែទម្រង់អន្តោប្រវេសន៍ដ៏ទូលំទូលាយ” ដែលទទួលស្គាល់ការរួមចំណែករបស់ជនចំណាកស្រុកដែលបានរស់នៅក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ ការតវ៉ាដែលកំពុងបន្តនៅក្នុងទីប្រជុំជននៃទីក្រុងឡូសអេនជឺឡេស ជុំវិញការវាយឆ្មក់ជនអន្តោប្រវេសន៍ក្នុងរដ្ឋកាលីហ្វ័រញ៉ាបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន នៅពេលដែលបាតុកររាប់រយនាក់បានប៉ះទង្គិចជាមួយកងទ័ពឆ្មាំជាតិអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top