បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានអះអាងថា យោធារុស្ស៊ីពិតជាបានធ្វើការវាយប្រហាររយៈពេលវែងជាច្រើនលើក ទៅលើគោលដៅឧស្សាហកម្មយោធានៅក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារជាក្រុមដោយប្រើមីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រឆាំងនឹងគោលដៅដែលទាក់ទងនឹងការការពារជាច្រើន រួមមាន យន្តហោះ មីស៊ីល ពាសដែក និងរោងចក្រផលិតកប៉ាល់ក្នុងទីក្រុងគៀវផងដែរ។
ក្រុមមន្ត្រីបានបន្ថែមថា រុស្ស៊ីក៏បានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការ ទីតាំងដាក់ពង្រាយទ័ព មជ្ឈមណ្ឌលផ្ទុកអាវុធ និងឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា ឃ្លាំងគ្រាប់រំសេវ និងឃ្លាំងផ្ទុកប្រេងឥន្ធនៈផងដែរ។
យ៉ាងណាក្តីក្រសួងបានបញ្ជាក់ទៀតថា៖គោលដៅនៃការវាយប្រហារត្រូវបានធ្វើឡើងសម្រេចតាមផែនការ។ដោយឡែកមន្ត្រីនៅទីក្រុងមូស្គូបាននិយាយថា ការវាយប្រហាររបស់រុស្សីគឺសំដៅលើមូលដ្ឋានដែលទាក់ទងនឹងយោធាប៉ុណ្ណោះ មិនមែនជនស៊ីវិលឡើយ។
នៅព្រឹកថ្ងៃដដែលនេះ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារមិនត្រឹមតែផ្តោតទៅលើទីក្រុងគៀវប៉ុណ្ណោះទេ ថែមទាំងតំបន់ Odessa ផងដែរ ដោយមានអគ្គីភ័យយ៉ាងហោចណាស់ ១៩កន្លែងត្រូវបានរាយការណ៍។ ពួកគេបានបន្ថែមថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង ១៣ នាក់បានរងរបួស៕
ប្រែសម្រួល៖ ស៊ុនលី
