ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota ស្នើលក់រថយន្តអាមេរិក ក្នុងប្រទេសជប៉ុន ដើម្បីលើកកម្ពស់ ការចរចាពន្ធគយ

xinhua

តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានស្នើទៅរដ្ឋាភិបាលថា ខ្លួននឹងលក់រថយន្ត ដែលផលិតនៅសហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន តាមរយៈបណ្តាញ អ្នកចែកចាយក្នុងស្រុករបស់ខ្លួន ដើម្បីលើកកម្ពស់ការចរចាពន្ធគយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សំណើនេះមានគោលបំណងគាំទ្រ ដល់ការចរចាពាណិជ្ជកម្មរបស់ជប៉ុន ជាមួយសហរដ្ឋអាមេរិក ជុំវិញពន្ធគយរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ ។ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ការបង្កើនការនាំចូលរថយន្ត ដែលផលិតដោយសហរដ្ឋអាមេរិក អាចជួយបង្រួមឱនភាពពាណិជ្ជកម្ម ដ៏ធំរបស់សហរដ្ឋអាមេរិក ដែលជាប្រភពនៃការខកចិត្តសម្រាប់លោក ត្រាំ ។

ប្រធាន Akio Toyoda បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ក្នុងអំឡុងពេលកិច្ចប្រជុំខែឧសភា របស់អ្នកទាំងពីរថា ក្រុមហ៊ុន Toyota នឹងអាចលក់រថយន្តដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក តាមរយៈបណ្តាញរបស់ខ្លួនជាង ៤,០០០ ហាងនៅក្នុងប្រទេសជប៉ុន។ វាក៏បានបង្ហាញពីឆន្ទៈរបស់ក្រុមហ៊ុន Toyoda ក្នុងការពិចារណានាំចូលរថយន្ត ដែលផលិតដោយសហរដ្ឋអាមេរិក ឡើងវិញទៅកាន់ប្រទេសជប៉ុន ជាជម្រើសមួយ។

នៅក្រោមរបបពន្ធគយទៅវិញទៅមករបស់លោក ត្រាំ ដែលបានប្រកាសកាលពីថ្ងៃទី ២ ខែមេសា ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកបានទទួលរងនូវពន្ធលើមូលដ្ឋានចំនួន ១០ ភាគរយ ដោយប្រទេសជប៉ុនប្រឈមនឹងពន្ធបន្ថែមរបស់ប្រទេសជាក់លាក់ចំនួន ១៤ ភាគរយសម្រាប់អត្រាសរុប ២៤ ភាគរយ។

ទន្ទឹមនឹងនេះដែរ ប្រទេសជប៉ុនបានរងផលប៉ះពាល់ដោយពន្ធបន្ថែម ២៥ ភាគរយរបស់លោក ត្រាំ លើរថយន្ត រួមជាមួយនឹងពន្ធលើវិស័យជាក់លាក់ផ្សេងទៀតដែលត្រូវបានដាក់លើមូលដ្ឋានសន្តិសុខជាតិ ក្នុងនោះទីក្រុងតូក្យូ បានបង្ហាញកញ្ចប់នៃសំណើទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

លោក Ryosei Akazawa អ្នកចរចារពន្ធកំពូលរបស់ប្រទេសជប៉ុន ដែលគេស្គាល់ថាជាជំនួយការជិតស្និទ្ធរបស់លោក Ishiba ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីជុំទី៦ ក្នុងគោលបំណងធានាបាននូវសម្បទានលើពន្ធជាបន្តបន្ទាប់របស់អាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top