បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី បារាំងលោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងនឹងបិទ ការចូលប្រើប្រព័ន្ធផ្សព្វផ្សាយ សង្គមសម្រាប់ ក្មេងៗ អាយុក្រោម១៥ឆ្នាំ ក្នុងរយៈពេលពីរបីខែ ប្រសិនបើសហភាពអឺរ៉ុប មិនចាត់វិធានការ សម្របសម្រួលទេនោះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយបន្ទាប់ពីការ វាយប្រហារដោយកាំបិត ដ៏សាហាវនៅសាលា ក្នុងស្រុកមួយ។ លោក Macron បានប្រាប់ទូរទស្សន៍ France 2 កាលពីថ្ងៃអង្គារថា ៖ យើងត្រូវតែហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ សង្គមសម្រាប់អ្នក ដែលមានអាយុក្រោម១៥ ឆ្នាំ។
ប៉ុន្មានម៉ោងមុននេះ សិស្សអាយុ១៤ឆ្នាំម្នាក់ បានវាយប្រហារលើជំនួយការបង្រៀនអាយុ៣១ឆ្នាំម្នាក់ អំឡុងពេលពិនិត្យកាបូប សាលាសម្រាប់អាវុធ នៅ Nogent ភាគខាងកើតប្រទេសបារាំង។
កងកម្លាំងរបស់ប្រទេស បានឲ្យដឹងថា បន្ទាប់មក គាត់បានធ្វើឲ្យរងរបួសមន្ត្រីប៉ូលិសម្នាក់ ដោយកាំបិតដូចគ្នា ហើយត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុតែម្តង។
លោក Macron បាននិយាយថា ៖ខ្ញុំនឹងទុកពេលរយៈពេលពីរឬបីខែ ដើម្បីឱ្យអឺរ៉ុបអាចមានចំណាត់ ការលើបញ្ហានេះជាមុនសិន។ បើមិនដូច្នេះទេ យើងនឹងចាប់ផ្តើមធ្វើវានៅប្រទេសបារាំង។ យើងមិនអាចរង់ចាំបានទេ។
គួរឲ្យដឹងដែរថាសិស្ស ដែលជាជនបង្កនោះ ត្រូវបានពិពណ៌នាថា មានអាកប្បកិរិយាល្អ និងមិនមានបញ្ហាពីមុន បានចូលរួមក្នុងសកម្មភាពប្រឆាំង នឹងការគំរាមកំហែង និងមកពីគ្រួសារ ដែលមានស្ថិរភាពហើយដោយឡែកជនរងគ្រោះជាម្តាយមានកូនពីរនាក់បានធ្វើការនៅសាលាតាំងពីខែកញ្ញាមកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
