បរទេស៖ ការតវ៉ានៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ជុំវិញការវាយឆ្មក់នៃការអនុវត្តច្បាប់ ទៅលើអន្តោប្រវេសន៍របស់សហព័ន្ធ បានបន្ត បើទោះបីជាមានបម្រាមគោចរ និងការអនុញ្ញាតពីប្រធានាធិបតីអាមេរិក Donald Trump លើការដាក់ពង្រាយឆ្មាំជាតិ និងកងម៉ារីនក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមក្រសួងប៉ូលីសនៅ Los Angeles គឺក្រុមនៃកុប្បកម្មបានបន្តប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ខណៈដែលការចាប់ខ្លួនដ៏ធំត្រូវបានផ្តួចផ្តើមឡើង។
ការតវ៉ាបានផ្ទុះឡើងកាលពីថ្ងៃសុក្រ បន្ទាប់ពីភ្នាក់ងារសហព័ន្ធបានឃុំខ្លួនបុគ្គលមួយចំនួន ដែលជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍របស់លោក Trump ។ មហាបាតុកម្មបានកើនឡើងយ៉ាងឆាប់រហ័សទៅជាកុប្បកម្ម ការលួចប្លន់យ៉ាងរាលដាល ការបំផ្លិចបំផ្លាញ និងការប៉ះទង្គិចយ៉ាងហិង្សាជាមួយប៉ូលិស។
វីដេអូនៅលើអនឡាញបានបង្ហាញ ក្រុមបាតុករដុតរថយន្តប៉ូលីស និងទង់ជាតិសហរដ្ឋអាមេរិក បិទផ្លូវហាយវេ គ្រវីស្លាកសញ្ញាថ្កោលទោសគោលនយោបាយ អន្តោប្រវេសន៍របស់លោក Trump និងកាន់ទង់ជាតិម៉ិកស៊ិក។ ការចាប់ខ្លួនជិត ៤០០នាក់ ត្រូវបានរាយការណ៍ ហើយក៏មានបាតុកររាប់រយនាក់ និងមន្ត្រីអនុវត្តច្បាប់ជាច្រើននាក់បានរងរបួស។
ជាការឆ្លើយតប អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានប្រកាសបម្រាមគោចរដែលចូលជាធរមាននៅយប់ថ្ងៃពុធ ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៦ ព្រឹក ដោយគ្របដណ្តប់លើផ្ទៃដីមួយម៉ាយការ៉េក្នុងទីប្រជុំជន LA ។ មុននេះ លោក Trump បានដាក់ពង្រាយទាហានឆ្មាំជាតិយ៉ាងហោចណាស់ ៤.០០០ នាក់ និងកងម៉ារីនដែលមានកាតព្វកិច្ចសកម្មចំនួន ៧០០ នាក់ទៅកាន់ទីក្រុង Los Angeles ដើម្បីការពារមន្ត្រីសហព័ន្ធ ការអនុវត្តច្បាប់ និងទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល៕
ប្រែសម្រួលៈ ណៃ តុលា
