បរទេស៖ អតីតអនុរដ្ឋមន្ត្រីក្រសួងការងារ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា បង្កើនការងារធ្វើឯកសារ ដើម្បីទាញយកសំណូក ពីក្រុមហ៊ុននាំចេញការងារ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Nguyen Ba Hoan អាយុ ៥៨ ឆ្នាំ កាលពីថ្ងៃពុធ ត្រូវបានគេដាក់ឱ្យស្ថិត នៅក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម រួមជាមួយ Tong Hai Nam ប្រធាននាយកដ្ឋានការងារ នៅបរទេស និងលោក Nguyen Gia Liem និង Pham Viet Huong អ្នកទាំងពីរជាអនុប្រធាន ពីបទទទួលសំណូក ។
លោក Huong ត្រូវបានគេដាក់ឲ្យនៅក្នុងការឃុំខ្លួនក្នុងផ្ទះ ខណៈអ្នកផ្សេងទៀតកំពុងជាប់ឃុំ។ លោក Hoan បានធ្វើការអស់រយៈពេលជាង ៣០ ឆ្នាំនៅក្នុងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ដោយកាន់តួនាទីជាច្រើនរួមមានមុខតំណែងនៅក្នុងនាយកដ្ឋានការងារនៅក្រៅប្រទេស ប្រធានការិយាល័យ និងជាចុងក្រោយអនុរដ្ឋមន្ត្រីចាប់ពីខែកញ្ញា ឆ្នាំ ២០២០។
ការស៊ើបអង្កេតបឋមបានរកឃើញថា ក្នុងអំឡុងពេលដែលគាត់កាន់តំណែងជាអនុរដ្ឋមន្ត្រី លោក Hoan បានដឹកនាំនាយកដ្ឋានការងារ នៅក្រៅប្រទេសឱ្យបង្កើត “អាជ្ញាប័ណ្ណរង” ដែលមិនកំណត់ដោយច្បាប់ សម្រាប់ក្រុមហ៊ុនការងារដើម្បីទទួលបានសម្រាប់ការនាំចេញការងារ៕
ប្រែសម្រួលៈ ណៃ តុលា
