បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ជាមួយនឹងមនុស្សចំនួន ២៤៤ នាក់បានធ្លាក់ នៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុង Ahmedabad ភាគពាយ័ព្យនៃប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា រូបភាពនៅលើបណ្តាញទូរទស្សន៍ក្នុងស្រុកបានបង្ហាញផ្សែងហុយចេញពីកន្លែងធ្លាក់យន្តហោះនៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad ដែលជាទីក្រុងដែលមានប្រជាជនជាង ៥ លាននាក់។
លោក Faiz Ahmed Kidwai អគ្គនាយកនៃអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់សារព័ត៌មាន Associated Press ថា ជើងហោះហើរ Air India AI 171 ដែលយន្តហោះ Boeing 787-8 បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយឈ្មោះថា Meghani Nagar រយៈពេល៥នាទីបន្ទាប់ពីហោះឡើងនៅម៉ោង ១:៣៨នាទី រសៀល ម៉ោងក្នុងស្រុក។
លោក Kidwai បាននិយាយថា មានអ្នកដំណើរចំនួន ២៣២នាក់ និងសមាជិកនាវិកចំនួន១២ នាក់នៅលើយន្តហោះនេះ ដែលត្រូវបានភ្ជាប់ទៅនឹងអាកាសយានដ្ឋាន Gatwick ទីក្រុងឡុងដ៍។
Gatwick បានបង្ហោះនៅលើ X ថា វាអាចបញ្ជាក់ពីជើងហោះហើរដែលគ្រោងនឹងមកដល់ទីក្រុងឡុងដ៍នៅម៉ោង ៦:២៥នាទី ល្ងាច បានធ្លាក់នៅពេលចេញដំណើរ៕
ប្រែសម្រួលៈ ណៃ តុលា
