ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បដិសេធមិនទទួលយកលិខិតរបស់លោក ត្រាំ ទៅកាន់លោក គីម ជុងអ៊ុន

south china morning post

សេអ៊ូល៖ កូរ៉េខាងជើងបានបដិសេធមិនទទួលយកលិខិតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់មេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន។ NK News ដែលជាគេហទំព័រដែលផ្តល់ព័ត៌មាន និងការវិភាគលើប្រទេសកូរ៉េខាងជើង បានដកស្រង់ប្រភពដែលឲ្យដឹងថា លោក ត្រាំ បានព្រាងលិខិតទៅលោក គីម ជុងអ៊ុន ក្នុងគោលបំណងបន្តកិច្ចចរចាទ្វេភាគី ដែលត្រូវបានផ្អាកអស់រយៈពេលជាង ៥ ឆ្នាំ។

សហរដ្ឋអាមេរិក បានព្យាយាមបញ្ជូនសំបុត្រនេះជាច្រើនដងតាមរយៈអ្នកការទូតកូរ៉េខាងជើង ដែលឈរជើងនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ប៉ុន្តែពួកគេ “បដិសេធ” ប្រភពក៏ត្រូវបានដកស្រង់សម្តីផងដែរថា ពេលវេលានៅតែមិនច្បាស់លាស់។ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅតែមានលក្ខណៈបច្ចេកទេសក្នុងស្ថានភាពនៃសង្រ្គាម ខណៈដែលសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ត្រូវបានបញ្ចប់ក្នុងបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពនោះទេ។ ពួកគេមិនមានទំនាក់ទំនងការទូតជាផ្លូវការទេ។

នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកដំបូងរបស់ពួកគេក្នុងខែមិថុនា ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី លោក ត្រាំ និងលោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ការធានាសន្តិសុខដល់ទីក្រុងព្យុងយ៉ាងជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរ “ពេញលេញ” នៃឧបទ្វីបកូរ៉េ។ ក្រោយមក ពួកគេបានខ្វះចន្លោះរវាងការទាមទាររបស់សហរដ្ឋអាមេរិក និងការអំពាវនាវរបស់កូរ៉េខាងជើង ឱ្យបន្ធូរបន្ថយទណ្ឌកម្មនៅក្នុងកិច្ចប្រជុំកំពូលលើកទីពីររបស់ពួកគេក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងខែកុម្ភៈ ឆ្នាំ ២០១៩។

បន្ទាប់ពីលោក ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងខែមិថុនា ឆ្នាំនោះ នៅតំបន់គ្មានយោធាបែងចែកកូរ៉េទាំងពីរ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានបើកកិច្ចប្រជុំកម្រិតការងារនៅទីក្រុង Stockholm ប្រទេសស៊ុយអែត ក្នុងខែតុលា ឆ្នាំ ២០១៩ ប៉ុន្តែជំនួបនោះបានបញ្ចប់ដោយគ្មានការរីកចម្រើនអ្វីឡើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top