ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក ពូទីនថា គោលដៅនៅលើអាកាសជាង៨ម៉ឺន ទីតាំងត្រូវបានបាញ់ទម្លាក់ អំឡុងពេលជម្លោះជាមួយអ៊ុយក្រែន

Sputnik

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់គោលដៅពីលើអាកាសជាង ៨០.០០០ ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ុយក្រែន ដោយបន្ថែមថាប្រទេសរុស្ស៊ីកំពុងស្វែងរកការបង្កើតប្រព័ន្ធប្រឆាំងយន្តហោះសកលដែលមានសមត្ថភាពស្ទាក់ចាប់គ្រាប់មីស៊ីលដែលចូលមក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ពូទីន បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលជួបជាមួយមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ដើម្បីពិភាក្សាអំពីផែនការសព្វាវុធរបស់រុស្ស៊ីសម្រាប់រយៈពេលចន្លោះឆ្នាំ ២០២៧ និងឆ្នាំ ២០៣៦។

លោកពូទីនបានកត់សម្គាល់ថា ជម្លោះជាមួយអ៊ុយក្រែនត្រូវបានកត់សម្គាល់ដោយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃអាវុធពីលើអាកាស ការវិវត្តនៃតួនាទី និងយុទ្ធសាស្ត្រនៃការប្រើប្រាស់អាវុធទាំងនោះ។

លោកប្រធានាធិបតីពូទីន បាននិយាយថា “កម្មវិធីសព្វាវុធថ្មីរបស់រដ្ឋគួរតែធានាឱ្យមានការបង្កើតប្រព័ន្ធការពារដែនអាកាសជាសកលដែលមានសមត្ថភាពប្រតិបត្តិការក្នុងគ្រប់លក្ខខណ្ឌ និងអាចបំផ្លាញអាវុធវាយប្រហារពីលើអាកាសប្រកបដោយប្រសិទ្ធភាពដោយមិនគិតពីប្រភេទរបស់វា”។

តួរលេខ ៨០.០០០ រួមមានគ្រាប់បែកទំនើបៗចំនួន ៧.៥០០ដូចជា កាំជ្រួចផ្លោងយុទ្ធសាស្ត្រ មីស៊ីល Cruise និង មីស៊ីល ដែលបាញ់ដោយគ្រាប់រ៉ុក្កែតជាច្រើន លោក ពូទីន បានកត់សម្គាល់ដោយបន្ថែមថា អាវុធស្ទើរតែទាំងអស់ដែលត្រូវបានបំផ្លាញត្រូវបានផ្គត់ផ្គង់ដល់ ទីក្រុងគៀវ ដោយលោកខាងលិច៕

ប្រែប្រួលៈ ណៃ តុលា

To Top