ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ឈប់ដំណើរ ការឧបករណ៍បំពងសម្លេង ដែលទំនាក់ទំនងគ្នាតាមព្រំដែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានសម្រេចទៅដល់ការបញ្ឈប់ ការផ្សាយតាមឧបករណ៍បំពងសម្លេងតាមព្រំដែនរបស់ខ្លួន ហើយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះពោល គឺមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានផ្អាកយុទ្ធនាការបំពង សម្លេងរបស់ខ្លួនដែរ ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ដែលចូលកាន់ តំណែងក្នុងសប្តាហ៍នេះ បានបញ្ជាឱ្យយោធាផ្អាក ការផ្សាយតាមប្រព័ន្ធបំពង សម្លេងកាលពីថ្ងៃពុធ ក្នុងសកម្មភាព មួយក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបើកការសន្ទនាឡើងវិញ ជាមួយទីក្រុងព្យុងយ៉ាង ។

យោងតាមអ្នកនាំពាក្យអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង លោកLee Sung-Jun បាននិយាយថា គ្មានតំបន់ណាដែលការផ្សាយសម្លេង របស់កូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូង ត្រូវបានគេឮនៅថ្ងៃនេះនោះទេ ។

លោក​បាន​បន្ថែម​ថា ខណៈ​ដែល​ការ​ផ្សាយ​នៅ​តែ​អាច​ស្តាប់ ​បាន​រហូត​ដល់​ម៉ោង​ប្រហែល ១១ យប់​មុន​នេះ រហូត​មក​ដល់​ពេល​នេះ មិន​មាន​តំបន់​ណា​ដែល​ការ​ផ្សាយ​សម្លេង​រំខាន ​ត្រូវ​បាន​គេ​ឮ​នោះ​ទេ ។

គួរឲ្យដឹងដែរថាមន្ត្រីក្នុងតំបន់បានប្រាប់ NK News ថាការផ្សាយរបស់កូរ៉េខាងជើងបានផ្លាស់ប្តូរពីសម្លេងរំខានទៅជាបទចម្រៀងស្ងប់ស្ងាត់នៅយប់ថ្ងៃពុធ មុនពេលឈប់ទាំងស្រុងត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។

មកទល់ពេលនេះគេនៅ​មិន​ប្រាកដ​ទេថា ​តន្ត្រី​ប្រភេទ​ណា​នោះ​ទេ អ្នក​ស្រុក​បាន​និយាយ​ថា​វា​មាន​ភាព​ស្ងប់​ស្ងាត់​និង​មាន​អារម្មណ៍​ធូរ​ស្រាលហើយពេលនេះសព្វ​ថ្ងៃ​នេះ ​មិន​មានសម្លេង​រំខាន​អ្វី​ទាំង​អស់៕

ប្រែសម្រួល៖ស៊ុនលី

To Top