បរទេស៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យលោក Alex Padilla ត្រូវបានរុញច្រាន បង្ខំក្រាបនៅលើដី និងចាប់ដាក់ខ្នោះដៃដោយសន្តិសុខ បន្ទាប់ពីលោកបានព្យាយាមសួរសំណួរ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី Kristi Noem អំពីការវាយឆ្មក់លើជនអន្តោប្រវេសន៍ ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Padilla បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតក្នុងទីក្រុង Los Angeles ដែលលោកស្រី Kristi Noem កំពុងពិភាក្សាអំពីការតវ៉ាក្នុងទីក្រុងជុំវិញការបង្រ្កាបអន្តោប្រវេសន៍របស់ប្រធានាធិបតី Donald Trump ថា៖ «ខ្ញុំជាសមាជិកព្រឹទ្ធសភា Alex Padilla។ ខ្ញុំមានសំណួរសម្រាប់លោកស្រីរដ្ឋមន្រ្តី។
លោក Padilla អាយុ ៥២ ឆ្នាំបាននិយាយទៅកាន់ភ្នាក់ងារសន្តិសុខ មុនពេលលោកត្រូវបានគេនាំចេញពីបន្ទប់ថា “កុំប៉ះខ្ញុំ” ។
វីដេអូដែលចែករំលែកដោយ Padilla បង្ហាញពីអ្វីដែលបានកើតឡើងបន្ទាប់ គឺ ភ្នាក់ងារបីនាក់បានរុញគាត់ទៅលើដី ហើយដាក់ខ្នោះដៃរបស់គាត់ នៅពីក្រោយខ្នង ។ រ៉យទ័រ មិនអាចបញ្ជាក់ពីភាពពិតនៃវីដេអូបានភ្លាមៗទេ៕
ប្រែសម្រួលៈ ណៃ តុលា
