បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ ឱកាសឱ្យអ៊ីរ៉ង់ជាច្រើនដងមកហើយ ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយលើកឡើងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម គឺជាលទ្ធផលនៃកំហុសរបស់ខ្លួន។
លោកប្រធានាធិបតី Donald Trump ក៏បានអំពាវនាវ ឲ្យក្រុងតេហរ៉ង់យល់ព្រមតាមលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន មុនពេលដែលអ្វីៗ នឹងត្រូវយឺតពេលថែមទៀតផង។
យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ទៅលើគោលដៅជាច្រើននៅ ទូទាំងប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ រួមទាំងទីតាំងយោធា និងនុយក្លេអ៊ែរផងដែរ។
អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារបានសម្លាប់ឧត្តមសេនីយ Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់ (IRGC) និងឧត្តមសេនីយ Mohammad Bagheri ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានអះអាងថា មេបញ្ជាការយោធាអ៊ីរ៉ង់ជាន់ខ្ពស់មួយចំនួនទៀត និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរក៏បានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍វាយប្រហារនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
