ព័ត៌មានអន្តរជាតិ

ការវាយប្រហារទៅវិញទៅមករវាងអ៊ីស្រាអែល  និងអ៊ីរ៉ង់ កំពុងបន្ថែមភាពតានតឹង ដែលមានស្រាប់នៅក្នុងតំបន់មជ្ឈឹមបូព៌ា

xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល កាលពីថ្ងៃសុក្របានបើកការវាយប្រហារទ្រង់ទ្រាយធំ “ទុកជាមុន ច្បាស់លាស់ និង រួមបញ្ចូលគ្នា” លើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជំរុញឱ្យមានការវាយប្រហារសងសឹកពីទីក្រុងតេអេរ៉ង់ នៅម៉ោង  ១រំលងអាធ្រាតឈានចូលថ្ងៃសៅរ៍នេះ។

ក្រុមអ្នកវិភាគបានព្រមានថា ការវាយប្រហារអាចធ្វើឲ្យស្ថានការណ៍ ដឺលប្រែប្រួលរួចទៅហើយនៅមជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត និងបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងតំបន់កាន់តែធំ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការវាយប្រហារនេះមានគោលបំណងធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការផលិតមីស៊ីលផ្លោង និងសមត្ថភាពយោធារបស់ប្រទេសនេះ។

លោក ណេតាន់យ៉ាហ៊ូ បាន​ឲ្យដឹងក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ដោយ​ប្តេជ្ញា​ថា​យុទ្ធនាការ​នេះ​នឹង​បន្ត សម្រាប់​រយៈពេល​ជាច្រើន​ថ្ងៃ​តាម​ដែល​វា​ត្រូវការ ដោយលោកបានអះអាងថា “នេះ​គឺជា​គ្រោះថ្នាក់​ច្បាស់លាស់ និង​បច្ចុប្បន្ន​ចំពោះ​ការរស់រានមានជីវិត​របស់​អ៊ីស្រាអែល​”។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា យន្តហោះប្រហែល ២០០គ្រឿងបានចូលរួមក្នុងប្រតិបត្តិការនេះ ដោយបានវាយប្រហារទីតាំងជិត ១០០ នៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងគោលដៅនៅទីក្រុងតេអេរ៉ង់ ណាតាន់ ខុនដាប និងខូរ៉ាម៉ាបាដ ផងដែរ។  ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​រួម​មាន​ស្ត្រី និង​កុមារ​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន​មួយ​កន្លែង នៅក្នុង​ទីក្រុង​តេអេរ៉ង់។

យោធា​អ៊ីស្រាអែល​បាន​អះអាង​ថា ប្រតិបត្តិការ​នេះ​ចាំបាច់ ដើម្បី​រារាំង​អ៊ីរ៉ង់​មិន​ឱ្យ​បង្កើត​គ្រាប់បែក​នុយក្លេអ៊ែរ។  ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀត ក្នុងការស្វែងរកអាវុធបែបនេះ ខណៈដែលអ៊ីស្រាអែល មិនផ្តល់ព័ត៌មានភ្លាមៗបន្ទាប់ការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីយប់មិញនៅឡើយទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top