ព័ត៌មានអន្តរជាតិ

ការវាយប្រហារ របស់អ៊ីស្រាអែល លើអ៊ីរ៉ង់ កំពុងទាក់ទាញការថ្កោលទោស នៅមជ្ឈិមបូព៌ា ជុំវិញការរំលោភ អធិបតេយ្យភាព

xinhua

គែរ៖ ការវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ីស្រាអែល ទៅលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានទាក់ទាញការថ្កោលទោស យ៉ាងទូលំទូលាយនៅទូទាំង មជ្ឈិមបូព៌ា ដោយរដ្ឋាភិបាលនានា បានថ្កោលទោសការ វាយប្រហារនេះថា ជាការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់អ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសទុយនីស៊ី បានពណ៌នាការវាយប្រហារនេះថាជា “ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់អ៊ីរ៉ង់” ដោយព្រមានថា សកម្មភាពបែបនេះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ទុយនីស៊ីបានបង្ហាញពីសាមគ្គីភាព របស់ខ្លួនជាមួយប្រជាជនអ៊ីរ៉ង់ ហើយបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការជាបន្ទាន់ និងការសម្រេចចិត្ត ដើម្បីបញ្ឈប់ការវាយប្រហារ និងធានាឱ្យមានការទទួលខុសត្រូវ។

ដោយថ្កោលទោសការវាយប្រហារ យោធាពេញមួយយប់របស់អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ក្រសួងការបរទេសលីប៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកើនឡើងដ៏ធ្ងន់ធ្ងរនេះ… តំណាងឱ្យការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ក្រសួងជំរុញឱ្យភាគីពាក់ព័ន្ធ “ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top