តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ីស្រាអែល Lockheed Martin F-35 Lightning II ចំនួនពីរគ្រឿង ក៏ដូចជាយន្តហោះខ្នាតតូចមួយចំនួនធំ ដោយចាប់បានពីឡុតស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់។
បើទោះបីជាមានការអះអាងបែបនេះក្ដី ប៉ុន្ដែកងទ័ពអ៊ីរ៉ង់ មិនបានបញ្ជាក់ជាផ្លូវការនូវរបាយការណ៍នេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានច្រានចោលរបាយការណ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ IDF លោក Avichay Adraee បានហៅការចោទប្រកាន់ការអះអាងនេះថា “គ្មានមូលដ្ឋានទាំងស្រុង” ។
សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល លើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានបង្កើនការភ័យខ្លាចនៃការកើនឡើងក្នុងតំបន់កាន់តែទូលំទូលាយ។
ទូរទស្សន៍ Press TV គ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា កងការពារដែនអាកាសអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅជិតរោងចក្រនុយក្លេអ៊ែរ Fordow ដែលមានទីតាំងនៅជិតទីក្រុង Qom កណ្តាលប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ីរ៉ង់។
លោក Amir Saeid Iravani ប្រេសិតអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សយ៉ាងតិច ៧៨នាក់បានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ខណៈដែលមនុស្ស ៣២០ នាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនជាជនស៊ីវិល៕
ប្រែសម្រួល ឈូក បូរ៉ា
