ប៉េកាំង៖ ប្រេសិតចិន បានឲ្យដឹងកាលពីថ្ងៃសុក្រនៅឯកិច្ចប្រជុំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប្រទេសចិន ថ្កោលទោសសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធលើទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ។
ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IAEA ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Li Song តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំ IAEA បានឲ្យដឹងថា ប្រទេសចិន តែងតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ និងការទូត ហើយប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីដោយបង្ខំ និងខុសច្បាប់។
លោកបានលើកឡើងថា ប្រទេសនេះនឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគី និងរួមគ្នាដោះស្រាយជាមួយនឹងភាពបន្ទាន់នាពេលបច្ចុប្បន្ននៅឯក្រុមប្រឹក្សាភិបាលរបស់ IAEA ។
ដោយកត់សម្គាល់ថា ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់អវិជ្ជមាននៃលក្ខខណ្ឌបច្ចុប្បន្នលើការរំពឹងទុកនៃការចរចាការទូត លោក Li បានជំរុញឱ្យប្រទេសពាក់ព័ន្ធជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ និងគាំទ្រដល់ការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា។
លោកបានបន្ដថា ប្រទេសចិននឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ប្រកបដោយទំនួលខុសត្រូវខ្ពស់ គោលបំណង និងយុត្តិធម៌ ការពារយ៉ាងម៉ឺងម៉ាត់នូវយន្តការមិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ និងរក្សាសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។
ក្នុងអំឡុងកិច្ចប្រជុំនោះ រដ្ឋសមាជិក IAEA រាប់សិបប្រទេសបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលក្ខខណ្ឌពាក់ព័ន្ធ ហើយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
