ញូវយ៉ក៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនិរទេសក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងការវាយឆ្មក់លើជនអន្តោប្រវេសន៍នៅតាមភោជនីយដ្ឋាន ការឈប់ចរាចរណ៍ និងការត្រួតពិនិត្យផ្លូវច្បាប់ជាទម្លាប់ ប៉ុន្តែអ្នកសេដ្ឋកិច្ចព្រមានថា រយៈពេលវែង ជនអន្តោប្រវេសន៍តិចជាងមុន អាចប៉ះពាល់ដល់សេដ្ឋកិច្ច ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។
លោក Giovanni Peri សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា “ជនអន្តោប្រវេសន៍ដើរតួនាទីយ៉ាងធំនៅក្នុងសេដ្ឋកិច្ចកាលីហ្វ័រញ៉ា” USA Today កាលពីថ្ងៃសុក្របានដកស្រង់សម្តីលោក Giovanni Peri ថាបើគ្មានជនអន្តោប្រវេសន៍ “វានឹងមានកំណើនសេដ្ឋកិច្ចតិចតួច។ ឱកាសកាន់តែតិច សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងកម្មករអាមេរិក”។
យោងតាមលោក Christopher Thornberg ដៃគូស្ថាបនិកនៅ Beacon Economics ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សានៅទីក្រុង Los Angeles បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានក្លាយទៅជា “ជនអន្តោប្រវេសន៍អាស្រ័យយ៉ាងខ្លាំង” ។
កម្មករកើតនៅសហរដ្ឋអាមេរិក ប្រហែល ៤៧៩,០០០នាក់ត្រូវបានបញ្ចូលទៅក្នុងកម្លាំងពលកម្មក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើធៀបនឹងកម្មករកើតពីបរទេសចំនួន ៣.៦ លាននាក់ នេះបើយោងតាមរបាយការណ៍ខែតុលា ពីមូលនិធិជាតិ សម្រាប់គោលនយោបាយអាមេរិក ដែលជាអង្គការស្រាវជ្រាវមិនលំអៀង៕
ប្រែសម្រួល ឈូក បូរ៉ា
