តេហេរ៉ង់៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម អ៊ីរ៉ង់ (IRGC) បានប្រកាសថា ប្រធានអង្គការចារកម្មរបស់ខ្លួន លោក Mohammad Kazemi និងអនុប្រធានរបស់លោក គឺលោក Hassan Mohaghegh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុងតេអេរ៉ង់។
យោងតាមសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC ក៏បានបញ្ជាក់អំពីការស្លាប់ របស់មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ម្នាក់ទៀត នៅក្នុងការវាយប្រហារដូចគ្នាកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសទៅលើរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ និងទីក្រុងមួយចំនួនទៀត ដោយបានសម្លាប់មេបញ្ជាការយោធា ជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលមួយចំនួន។ ការវាយប្រហារបានបន្ត នៅទូទាំងផ្នែកផ្សេងៗនៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
ជាការឆ្លើយតប អ៊ីរ៉ង់ បានធ្វើការវាយប្រហារដោយកាំជ្រួចទៅលើគោលដៅ ជាច្រើនក្នុងប្រទេសអ៊ីស្រាអែល បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា
