ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល ប្រកាសពីរលកថ្មីនៃការវាយប្រហារតាមអាកាស លើទីតាំងមីស៊ីលអ៊ីរ៉ង់

xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានបញ្ចេញការវាយប្រហារតាមអាកាសថ្មីមួយនៅអ៊ីរ៉ង់ កាលពីយប់ថ្ងៃអាទិត្យ ដោយបានកំណត់គោលដៅលើទីតាំងមីស៊ីលពីដីទៅដីនៅភាគខាងលិចនៃប្រទេសនេះបន្ដទៀត។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការវាយប្រហារមានគោលបំណងបំផ្លាញ “រាប់សិប” នៃគោលដៅមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរបំផុតលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយវាយប្រហារទីតាំងនុយក្លេអ៊ែរនៅក្រុងតេអេរ៉ង់ និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស។ ការវាយប្រហារនេះបានសម្លាប់អ្នកវិទ្យាសាស្ត្រ មន្ត្រីសន្តិសុខជាន់ខ្ពស់ និងជនស៊ីវិលរាប់សិបនាក់ក្នុងប្រទេសអ៊ីរ៉ង់ ហើយបានបង្កឱ្យមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីភាគីអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានឲ្យដឹងថា ការវាយប្រហារតាមអាកាសនឹងបន្ត ហើយនឹងកំណត់គោលដៅមិនត្រឹមតែកន្លែងទាក់ទងនឹងនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងទីតាំងមីស៊ីល កន្លែងផលិតអាវុធ ប្រព័ន្ធការពារអាកាស និង “គោលដៅរបបគ្រប់គ្រងក្នុងទីក្រុងតេអេរ៉ង់” ផងដែរ។

នៅក្នុងការអាប់ដេតជាសាធារណៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីនណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល “បានប្តេជ្ញាចិត្តដើម្បីបញ្ចប់បេសកកម្មនៃការដកការគំរាមកំហែងទ្វេរដង” ចេញពីប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top