បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានដ៏សម្ងាត់មួយលើ Truth Social ដោយជំរុញឱ្យ “អ្នកគ្រប់គ្នា” ចាកចេញពីរដ្ឋធានី របស់ប្រទេសអ៊ីរ៉ង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលោកមិនបានបញ្ជាក់ថា តើទីក្រុងវ៉ាស៊ីនតោន នឹងធ្វើអន្តរាគមន៍ ក្នុងអរិភាពដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ យ៉ាងណានោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋទាំងពីរគឺអ៊ីស្រាអែល និង អីរ៉ង់ បាននិងកំពុងផ្លាស់ប្តូរការវាយប្រហារគ្នា ចាប់តាំងពីក្រុងយេរូសាឡឹមខាងលិចបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធារបស់អ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយពណ៌នាការវាយលុកនេះថា ជាកិច្ចខិតខំប្រឹងប្រែងទុក ជាមុនដើម្បីបញ្ឈប់ការស្វែងរកអាវុធនុយក្លេអ៊ែរដែលត្រូវបានចោទប្រកាន់របស់ទីក្រុងតេអេរ៉ង់។ អ៊ីស្រាអែលក៏បានកំណត់គោលដៅលើតំបន់ជនស៊ីវិល បង្កឱ្យមានមនុស្សស្លាប់ និងបានវាយប្រហារទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ អ៊ីរ៉ង់ ដែលបដិសេធការស្វែងរកសមត្ថភាពនុយក្លេអ៊ែរយោធា បាននិយាយថា ការវាយប្រហារតាមអាកាស គឺស្មើនឹងការប្រកាសសង្គ្រាម និងបានសងសឹកជាមួយនឹងបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់សំដៅលើអ៊ីស្រាអែល។
លោក Trump បានសរសេរកាលពីល្ងាចថ្ងៃចន្ទ ខណៈដែលជម្លោះបានឈានចូលដល់ថ្ងៃទីប្រាំថា “អ៊ីរ៉ង់គួរតែចុះហត្ថលេខាលើ “កិច្ចព្រមព្រៀង” ដែលខ្ញុំបានប្រាប់ពួកគេឱ្យចុះហត្ថលេខា។ នេះជាការអាម៉ាស់ និងខ្ជះខ្ជាយជីវិតមនុស្ស។ និយាយដោយសាមញ្ញថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំបាននិយាយម្តងហើយម្តងទៀត!
លោកបន្ថែមថា “គ្រប់គ្នាត្រូវជម្លៀសទីក្រុង Tehran ជាបន្ទាន់!”, មេដឹកនាំអាមេរិករូបនេះបានបន្ថែមដោយមិនបានបញ្ជាក់លម្អិតអំពីទីកន្លែងដែលប្រជាជនប្រហែល ១០ លាននាក់ក្នុងទីក្រុងគួរទៅនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
