“ទ្រង់ទ្រាយដ៏ធំធេងនិងស្ថានភាពដ៏ល្អប្រសើរនៃទីផ្សារប្រើប្រាស់របស់ចិន គឺមានន័យថា សមត្ថភាពនិងគោលបំណងទិញទំនិញរបស់អ្នកប្រើប្រាស់បាននិងកំពុងកើនឡើង ដែលបានផ្តល់លំហដ៏ទូលំទូលាយសម្រាប់ការលក់ដូរផលិតផលគ្រប់ប្រភេទនៃក្រុមហ៊ុន Panasonic ។ ”កាលពីថ្ងៃទី១៦ ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសពីស្ថានភាពដំណើរការ នៃសេដ្ឋកិច្ចជាតិនៅខែឧសភា លោក Homma Tetsuro អគ្គនាយករងទូទាំងពិភពលោកនៃក្រុមហ៊ុន Panasonic ជប៉ុន បានថ្លែងដូចពោលខាងលើ ។
តាមទិន្នន័យបានបង្ហាញឱ្យដឹងថា នៅខែឧសភា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនមានចំនួន ៤.១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង ៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញមានចំនួន ៣.៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ បើមើលលម្អិតពី“តារាងពិន្ទុ”នៃសេដ្ឋកិច្ចរបស់ចិននេះ អាចឃើញនូវចំណុចលេចធ្លោជាច្រើន ។

មុនដំបូងគឺ “ស្ថិរភាព” ។ បើមើលពីសន្ទស្សន៍សំខាន់ៗ សន្ទស្សន៍ផលិតកម្មសេវាកម្ម និងទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនពីខែមករា ដល់ខែឧសភា បានកើនឡើង ៥,៩ភាគរយនិង៥ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលសុទ្ធតែលឿនជាងត្រីមាសទីមួយ ហើយតម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យម និងធំសម្រេចបាននូវកំណើនឆាប់បង្គួរចំនួន ៦,៣ភាគរយ ។ នៅខែឧសភា អត្រាបាត់បង់ការងារនៅទីក្រុង និងជនបទនៅទូទាំងប្រទេសចិនគឺ៥ភាគរយ ដែលមានការធ្លាក់ចុះបន្តិចបើប្រៀបធៀបនឹងខែមេសា ។ ប្រការទាំងនេះសុទ្ធតែជាការឆ្លុះបញ្ចាំងដ៏សំខាន់អំពីការដំណើរការដោយនឹងនរជាទូទៅនៃសេដ្ឋកិច្ចរបស់ចិន ។
ស្របពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនមាន “ភាពថ្មី”ជាច្រើន ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មានលក្ខណៈពិសេសដ៏ច្បាស់លាស់ ។ កាលពីខែឧសភា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មផលិតគ្រឿងបរិក្ខារធុនមធ្យមនិងធំរបស់ចិនបានកើនឡើង ៩ភាគរយ ដែលមានអត្រារួមចំណែកចំពោះផលិតកម្មឧស្សាហកម្មដល់ទៅ ៥៤,៣ភាគរយ ។បរិមាណផលិតរថយន្តថាមពលថ្មីនិងថ្មពិលថាមពលព្រះអាទិត្យបានកើនឡើង៣១,៧ភាគរយ និង២៧,៨ភាគរយដោយឡែកពីគ្នា ដែលបានរក្សាកំណើនដោយល្បឿនលឿនជាបន្តបន្ទាប់ ។
ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងខ្លាំងនៃឧស្សាហកម្មកម្មន្តសាលកម្រិតខ្ពស់ សេដ្ឋកិច្ចឌីជីថលនិងឧស្សាហកម្មថាមពលថ្មីជាដើម ការធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មរបស់ចិនទទួលបានកម្លាំងចលករថ្មី ។
បើមើលពីបរិយាកាសអន្តរជាតិនាពេលបច្ចុប្បន្ននេះ ការរក្សាការដំណើរការដោយនឹងនររបស់សេដ្ឋកិច្ចចិនគឺបានមកដោយមិនងាយទេ ។ ដោយមកពីការងើបឡើងវិញនៃឯកតោភាគីនិយមនិងគាំពារនិយម អង្គការសេដ្ឋកិច្ចសំខាន់ៗបាននាំគ្នាសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចទូទាំងពិភពលោកឆ្នាំ២០២៥ ។
ប្រឈមមុខនឹងបរិយាកាសខាងក្រៅដែលប្រកបដោយភាពស្មុគ្រស្មាញនិងតឹងរ៉ឹង ហេតុអ្វីបានជាប្រទេសចិនអាចទទួលបានសមិទ្ធផលខាងសេដ្ឋកិច្ចបែបនេះ?
លោក Wang Xiaosong សាស្ត្រាចារ្យនៃសកលវិទ្យាល័យប្រជាជនចិនបានលើកឡើងថា បើមើលពីខាងក្រៅ កាលពីខែឧសភា កិច្ចជំនួបពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងហ្សឺណែវទទួលបានការវិវឌ្ឍជាក់ស្តែងនិងឈានដល់គំនិតឯកភាពរួម ។
នេះមានអំណោយផលដល់ការកែលម្អទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ហើយក៏មានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ ។ បើមើលពីផ្ទៃក្នុង សេដ្ឋកិច្ចចិនមានលក្ខខណ្ឌមូលដ្ឋានដ៏ល្អប្រសើរ មានទីផ្សារដ៏ទូលំទូលាយនិងមានសក្តានុពលដ៏ធំធេង ពេលតម្រូវការខាងក្រៅបានធ្លាក់ចុះ វាអាចឆ្លងតាមរយៈវិធីប្រែការនាំចេញទៅជាការលក់ក្នុងប្រទេសជាដើម ដើម្បីត្រួសត្រាយសក្តានុពលនៃទីផ្សារក្នុងស្រុក ។
បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅរបស់ចិននៅតែមានភាពស្មុគ្រស្មាញ និងតឹងរ៉ឹងដដែលហើយក៏មានកត្តាអស្ថិរភាពជាច្រើនដែរ ។ ប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈម ចិននឹងប្រកាន់ខ្ជាប់ការធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ទប់ទល់នឹងភាពមិនប្រាកដប្រជានៃបម្រែបម្រួលនៃបរិយាកាសខាងក្រៅតាមរយៈភាពប្រាកដប្រជានៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាប់រហូតមក ដើម្បីផ្តល់កាលានុវត្តភាពចិនកាន់តែច្រើនក៏ដូចជាបង្កើត “ ភាគលាភចិន”កាន់តែច្រើនដល់ពិភពលោកផងដែរ ៕
