ព័ត៌មានអន្តរជាតិ

អេស្បាញ អំពាវនាវឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មអាវុធ លើអ៊ីស្រាអែល

BBC

ម៉ាឌ្រីដ៖ រដ្ឋមន្ត្រីការបរទេស អេស្បាញលោក Jose Manuel Albares បានអំពាវនាវឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មអាវុធលើ អ៊ីស្រាអែល ជាមធ្យោបាយមួយ ដើម្បីបញ្ចប់ជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃអង្គារ លោក Albares បានសង្កត់ធ្ងន់ថាអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល ក្នុងពិភពលោក ទទួលបានឥទ្ធិពលយ៉ាងសំខាន់។  លោកបានឲ្យដឹងថា ប្លុកនេះ “ត្រូវតែដាក់ទណ្ឌកម្មអាវុធ ដើម្បីកុំឱ្យដៃគូអឺរ៉ុប របស់យើង លក់អាវុធឱ្យអ៊ីស្រាអែល ខណៈពេលដែលសង្រ្គាម នេះនៅតែបន្ត” ។

លោក Albares ជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះជម្លោះនៅតំបន់ហ្គាហ្សា និងជាអ្នកតស៊ូមតិ យ៉ាងម៉ឺងម៉ាត់ សម្រាប់ដំណោះស្រាយរដ្ឋពីរ ។  កាលពីខែឧសភា លោកបានហៅតំបន់ហ្គាហ្សាថាជា “របួសសម្រាប់មនុស្សជាតិ” នៅក្នុងកិច្ចប្រជុំអន្តរជាតិ នៃតំណាងបរទេស មកពីបណ្តាប្រទេសអឺរ៉ុប និងមូស្លីម ប្រេស៊ីល និងអង្គការអន្តរជាតិ។

ដោយ​អត្ថាធិប្បាយ​ លើ​ជម្លោះ​អ៊ីស្រាអែល និង​អ៊ីរ៉ង់​ដែល​ទើប​ផ្ទុះ​ឡើង​នោះ លោក Albares បាន​អំពាវនាវ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ការ​កើនឡើង​ពី​ភាគី​ទាំង​សងខាង។  លោកបានលើកឡើងថា “ឥឡូវនេះ យើងត្រូវកាត់បន្ថយការផ្លាស់ប្តូរកាំជ្រួច និងគ្រាប់បែករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយធានាថា អ្វីគ្រប់យ៉ាងដែលទាក់ទង នឹងកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ ហើយថាអ៊ីរ៉ង់ផ្លាស់ ទីឆ្ងាយពីការមានអាវុធ នុយក្លេអ៊ែរតាមរយៈការចរចាការទូត”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top