បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មានសមត្ថភាពអាច សម្លាប់មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ali Khamenei បាន ខណៈពេលដែលលោកទាមទារ ឱ្យទីក្រុងតេហេរ៉ង់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្ព័ន្ធមិត្តសំខាន់ របស់អាមេរិកនៅមជ្ឈិមបូព៌ា គឺអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធារបស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន ដោយហៅវាថា ជាការវាយប្រហារទុកជាមុន ដើម្បីបញ្ឈប់ទីក្រុងតេអេរ៉ង់ ពីការទទួលបាន អាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានសងសឹក ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកមកលើអ៊ីស្រាអែល ដែលធ្វើឱ្យជម្លោះរវាងប្រទេសទាំង ពីរកាន់តែតានតឹង។ លោក ដូណាល់ ត្រាំ បានគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែលនេះ។
ប្រធានាធិបតីអាមេរិកបានអះអាង នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារថា “ឥឡូវនេះយើងមានការគ្រប់ គ្រងទាំងស្រុង និងទាំងស្រុងលើផ្ទៃអាកាសលើប្រទេសអ៊ីរ៉ង់”។
លោក ត្រាំ បានសរសេរថា “យើងដឹងច្បាស់ពីកន្លែងដែលគេហៅថា ‘មេដឹកនាំកំពូល’ កំពុងលាក់ខ្លួន។ គាត់គឺជាគោលដៅដ៏ងាយស្រួល ប៉ុន្តែមានសុវត្ថិភាពនៅទីនោះ – យើងនឹងមិនយកគាត់ចេញទេ (សម្លាប់!) យ៉ាងហោចណាស់ គឺមិនមែនសម្រាប់ពេលនេះទេ” ។
ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា “ការអត់ធ្មត់គឺស្តើង” ហើយបានទាមទារឱ្យទីក្រុង តេហេរ៉ង់ ចុះចាញ់៕
ប្រែសម្រួលៈ ណៃ តុលា
