ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Lewotobi Laki Laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះ ព្រុសផេះឡើងទៅលើកម្ពស់ ៥.០០០ម៉ែត្រ, បង្ខំឱ្យមានការជម្លៀសអ្នកភូមិ និងលុបចោលជើងហោះហើរ

xinhua

បរទេស៖ ភ្នំភ្លើង Lewotobi Laki Laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងជាមួយ នឹងការព្រុសផេះដ៏ធំ និងផ្សែងហុយនៅថ្ងៃពុធនេះ ដោយបានបង្ខំឱ្យមានការជម្លៀសអ្នកភូមិ និងការលុបចោលជើងហោះហើរ រួមទាំងទៅ និងមកពីរមណីយដ្ឋានកោះបាលី។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្ទុះជាច្រើនបានបញ្ជូនផេះដែលមានកំពស់រហូតដល់ ៥.០០០ ម៉ែត្រ ទៅលើមេឃកាលពីល្ងាចថ្ងៃអង្គារ និងដល់រសៀលថ្ងៃពុធ។ ការផ្ទុះមួយនៅរសៀលថ្ងៃអង្គារបានបង្កឱ្យមានពពកពណ៌ប្រផេះក្រាស់កម្ពស់ ១០.០០០ ម៉ែត្រ ទៅលើមេឃដែលបានពង្រីកទៅជាពពកផេះរាងផ្សិតដែលអាចមើលឃើញពីចម្ងាយរហូតដល់ ១៥០គីឡូម៉ែត្រ ។

ការជូនដំណឹងអំពីការផ្ទុះត្រូវបានលើកឡើង កាលពីថ្ងៃអង្គារដល់កម្រិតខ្ពស់បំផុត ហើយតំបន់គ្រោះថ្នាក់ ដែលមនុស្សត្រូវបានណែនាំឱ្យចាកចេញ ត្រូវបានពង្រីកដល់ ៨ គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង។

ក្រុមមន្រ្តីក៏បានជម្លៀសចេញ ពីប៉ុស្តិ៍ត្រួតពិនិត្យភ្នំ Lewotobi Laki Laki ចម្ងាយ ៧ គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង ដើម្បីជៀសវាងការធ្លាក់ក្រួស ដែលបញ្ចេញនៅក្នុងការផ្ទុះនេះ ។ គ្មានអ្នកស្លាប់ត្រូវបានគេរាយការណ៍ឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top