ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បន្តការវាយប្រហារ លើទីតាំងសង្ស័យ នុយក្លេអ៊ែររបស់អ៊ីរ៉ង់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់​ RT អ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារទីតាំងផលិតអាវុធរបស់អ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរសំខាន់ៗ ខណៈដែលប្រទេសទាំងពីរ បន្តការប្រឈមមុខដាក់គ្នា ដែលបានចាប់ផ្តើមកាល ពីសប្តាហ៍មុនមកម្ល៉េះ។

កងកម្លាំងការពារ អ៊ីស្រាអែល ហៅកាត់ថាIDF បាននិយាយថា ការវាយប្រហារបានកំណត់ គោលដៅលើរោងចក្រ ដែលប្រើសម្រាប់ផលិតម៉ាស៊ីន centrifuges ក្នុងទីក្រុងតេហរ៉ង់ ដែលអាចអនុញ្ញាត ឱ្យប្រទេសនេះបង្កើនទំហំ និងល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ យ៉ាងណាក្តីទំហំនៃការខូចខាតគឺ មិនទាន់អាចគណនាបាននៅឡើយទេ។

ទន្ទឹមនឹងនោះ យោធាអ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនដង វាយប្រហារអ៊ីស្រាអែល។

ការ​វាយ​ប្រហារ​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​រួម​មានមីស៊ីល Fattah កម្រិត​ខ្ពស់​ដែល​ក្រុង​តេហេរ៉ង់​អះអាង​ថា​បាន​ទម្លាយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ីស្រាអែលបានយ៉ាងមានប្រសិទ្ធភាព។

គួរឲ្យដឹងដែរថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅតែបាននិយាយថា Operation Rising Lion គឺជាការវាយប្រហារមីស៊ីល ជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់ ដែលធ្វើឡើងដើម្បីបំផ្លាញ កម្មវិធីនុយក្លេអ៊ែរ របស់សាធារណរដ្ឋអ៊ីស្លាម៕

ប្រែសម្រួល៖ស៊ុនលី

To Top