បរទេស ៖ កាសែត Washington Post រាយការណ៍សប្តាហ៍នេះថា ប្រព័ន្ធការពារដែន អាកាសរបស់អ៊ីស្រាអែល អាចស្ទាក់ចាប់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បានយ៉ាងជោគជ័យ។
ប៉ុន្តែយ៉ាងនាក្តី WaPo ក៏បានសរសេរថាដែរថា ក្នុងល្បឿនវាយប្រហារបច្ចុប្បន្ន របស់អ៊ីរ៉ង់វានឹងធ្វើឲ្យអ៊ីស្រាអែល អាចទប់ទល់បានក្នុង រយៈពេលតិចជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ ប្រសិនបើមិនមានការផ្គត់ផ្គង់ បន្ថែមសំខាន់ៗពីសហរដ្ឋអាមេរិក ឬការចូលរួមដោយផ្ទាល់ ណាបន្ថែមទៀតទេនោះ ។
ទីក្រុងតេហរ៉ង់បានបាញ់បង្ហោះ យន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីរដ្ឋជ្វីហ្វបានវាយ ប្រហារប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបានកំណត់ការវាយប្រហារនេះថា ជាវិធានការបង្ការទុកជាមុន ដើម្បីបញ្ឈប់សាធារណរដ្ឋអ៊ីស្លាម ពីការអភិវឌ្ឍន៍គ្រាប់បែកនុយក្លេអ៊ែរ។
កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងជួយអ៊ីស្រាអែលក្នុងការស្ទាក់ចាប់មីស៊ីល ដែលចូលមកទឹកដីរបស់ខ្លួន។
ក្នុងនោះប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកអាចចូលរួម ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ប៉ុន្តែមិនទាន់បានធ្វើការ សម្រេចចិត្តចុងក្រោយទេ។
យ៉ាងណាក្តីប្រទេសអ៊ីរ៉ង់បានព្រមានអាមេរិកថា ការជាប់ពាក់ព័ន្ធណាមួយនឹងនាំឱ្យមានការខូចខាត មិនអាចជួសជុលបាននោះទេ៕
ប្រែសម្រួល៖ស៊ុនលី
