បរទេស ៖ យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្របានឱ្យដឹងថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ បានវាយប្រហារទៅលើមន្ទីរពេទ្យធំ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យមនុស្សរងរបួស និងបណ្តាលឱ្យ “ខូចខាតយ៉ាងធ្ងន់ធ្ងរ” ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចាក់ផ្សាយវីដេអូ នៃបង្អួចដែលផ្ទុះចេញ និងមានផ្សែងខ្មៅខ្លាំង ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មីស៊ីលមួយគ្រាប់ទៀតបានវាយប្រហារលើអគារកម្ពសខ្ពស់មួយនិងអគារលំនៅឋានមួយចំនួនទៀតក្នុងទីតាំងយ៉ាងហោចណាស់ ពីរកន្លែងក្បែរទីក្រុង Tel Aviv ។ យោងតាមសេវាជួយសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល គឺយ៉ាងហោចណាស់មនុស្ស ៤០ នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារ លើម៉ាស៊ីនរ៉េអាក់ទ័រទឹកធុនធ្ងន់ Arak របស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារចុងក្រោយបំផុត របស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែរដ៏ធំទូលាយរបស់ប្រទេសនេះ នៅថ្ងៃទីប្រាំពីរនៃជម្លោះដែលបានចាប់ផ្តើម ជាមួយនឹងរលកដ៏គួរឱ្យភ្ញាក់ផ្អើល នៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅ លើទីតាំងយោធា មន្ត្រីជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។
គ្រាប់មីស៊ីលបានវាយប្រហារមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka ដែលមានគ្រែសម្រាប់អ្នកជំងឺជាង ១.០០០ និងផ្តល់សេវាដល់ប្រជាជនប្រមាណ ១ លាននាក់នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យ បាននិយាយថា ផ្នែកជាច្រើននៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រត្រូវបានខូចខាត ហើយបន្ទប់សង្គ្រោះបន្ទាន់កំពុង ព្យាបាលអ្នករបួសស្រាលមួយចំនួន។ មន្ទីរពេទ្យត្រូវបានបិទសម្រាប់អ្នកជំងឺថ្មីទាំងអស់ លើកលែងតែករណីដែលគំរាមកំហែងដល់អាយុជីវិត។ គេមិនទាន់ដឹងថាមានប៉ុន្មាននាក់រងរបួសក្នុងការ វាយប្រហារតាមអាកាសដោយមីស៊ីលនេះទេ៕
