ព័ត៌មានអន្តរជាតិ

អាមេរិក ​ចាប់ផ្តើម​ជម្លៀស ​អ្នកការទូត​មួយចំនួន ​ចេញពី​ស្ថានទូត ​របស់ខ្លួន​នៅ​អ៊ីស្រាអែល ខណៈ​ជម្លោះ​អ៊ីរ៉ង់ ​កាន់តែ​តានតឹង​

xinhua

បរទេស៖ ក្រសួងការបរទេសអាមេរិក បានចាប់ផ្តើមជម្លៀស អ្នកការទូតដែលមិនសំខាន់ និងក្រុមគ្រួសារ របស់ពួកគេចេញពីស្ថានទូត អាមេរិកក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលអរិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែខ្លាំងឡើង ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ព្រមានពីលទ្ធភាពនៃការចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះថែមទៀត។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអាមេរិកពីរនាក់ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបាននិយាយថា យន្តហោះរដ្ឋាភិបាល បានជម្លៀសអ្នកការទូត និងសមាជិកគ្រួសារមួយចំនួន ដែលបានស្នើសុំចាកចេញ ពីប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ។ មិន​មាន​ការ​បញ្ជាក់​ពី​ចំនួន​អ្នក​ការទូត និង​សមាជិក​គ្រួសារ​ប៉ុន្មាន​នាក់​ដែល​បាន​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ ឬ​ប៉ុន្មាន​នាក់​ទៀត​ដែល​អាច​ចាកចេញ​តាម​ផ្លូវ​គោក​ទៅ​ កាន់ប្រទេសហ្ស៊កដានី ឬ​អេហ្ស៊ីប នោះទេ។

ជើងហោះហើរនេះបានកើតឡើងភ្លាមៗ មុនពេលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee បានប្រកាសនៅលើ X ថា ស្ថានទូតកំពុងរៀបចំផែនការសម្រាប់ការជម្លៀសតាមយន្តហោះ និងកប៉ាល់ សម្រាប់ពលរដ្ឋអាមេរិកឯកជន។

ប៉ុន្មានម៉ោងបន្ទាប់ពីការលើកឡើង របស់លោក Huckabee ការិយាល័យកិច្ចការកុងស៊ុល របស់ក្រសួងការបរទេសអាមេរិកបានបង្ហោះថា “យើងមិនមានសេចក្តីប្រកាស អំពីការជួយពលរដ្ឋអាមេរិកឯកជន ឱ្យចាកចេញនៅពេលនេះ” ពីអ៊ីស្រាអែល ឬទឹកដីប៉ាឡេស្ទីននិះទេ៕

To Top