ព័ត៌មានអន្តរជាតិ

ជម្លោះឈានចូលដល់ថ្ងៃទី៦ អ៊ីរ៉ង់ និងអ៊ីស្រាអែល បន្ដវាយប្រហារដោយមីស៊ីលទៅវិញទៅមក

xinhua

តេអេរ៉ង់់៖ មីស៊ីលរបស់អ៊ីរ៉ង់ជាច្រើនគ្រាប់ត្រូវបានបាញ់សំដៅទៅកាន់ភាគកណ្តាលអ៊ីស្រាអែល កាលពីល្ងាចថ្ងៃពុធ ហើយអ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងជើងប្រទេសអ៊ីរ៉ង់វិញផងដែរ ខណៈដែលជម្លោះរវាងប្រទេសទាំងពីរបានឈានចូលដល់ថ្ងៃទី៦។

យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយដោយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងប្រតិបត្តិការដើម្បីស្ទាក់ចាប់ការវាយប្រហារដោយកាំជ្រួចថ្មីមួយដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ដោយជំរុញឱ្យអ្នកស្រុកចូលទៅក្នុងជម្រកសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍នៅពេលក្រោយថា មីស៊ីលប្រហែល ៥ គ្រាប់ត្រូវបានបាញ់បង្ហោះ ហើយយ៉ាងហោចណាស់ មីស៊ីល ៣គ្រាប់ត្រូវបានស្ទាក់ចាប់។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គ្រាប់មីស៊ីលមួយចំនួនត្រូវបានស្ទាក់ចាប់ពីលើប្រទេសហ្សកដានី និងស៊ីរី។

លោក Zaki Heler អ្នកនាំពាក្យរបស់សេវាសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បានឲ្យដឹងថា សេវានេះមិនបានទទួលរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសនោះទេ។

នៅព្រឹកថ្ងៃពុធម្សិលមិញនេះ អ៊ីស្រាអែល បានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើជនស៊ីវិល ដែលបានដាក់ដំបូងកាលពីថ្ងៃសុក្រ នៅពេលដែលអ៊ីស្រាអែល បើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ ខណៈដែលភាពញឹកញាប់នៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ បានចាប់ផ្តើមធ្លាក់ចុះវិញដូចគ្នា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top