ព័ត៌មានអន្តរជាតិ

ប្រមុខបរមាណូអ៊ីរ៉ង់ ជំរុញឱ្យ IAEA បញ្ចប់ភាពអសកម្ម និងថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល

xinhua

តេអេរ៉ង់៖ ប្រមុខបរមាណូរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យអ្នកឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បញ្ឈប់ជាបន្ទាន់នូវ “ភាពអសកម្ម” របស់ខ្លួន និងថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការអ៊ីរ៉ង់។

ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើកន្លែងផលិតរ៉េអាក់ទ័រទឹកធុនធ្ងន់ Arak ក្នុងតំបន់ Khondab ក្នុងខេត្ត Markazi ប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

លោក Eslami បានអំពាវនាវឱ្យ IAEA បញ្ចប់ “ភាពអសកម្ម” របស់ខ្លួនជាបន្ទាន់ ហើយថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែល ដែលផ្ទុយនឹងច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទីប្រាំពីរហើយនៅថ្ងៃព្រហស្បតិ៍។ វាបានចាប់ផ្តើមបន្ទាប់ពីអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ខែមិថុនាបានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ដោយវាយលុកទីតាំងយោធានិងនុយក្លេអ៊ែររបស់ប្រទេសហើយបានសម្លាប់មេបញ្ជាការយោធាកំពូលៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររាប់សិបនាក់។

អ៊ីរ៉ង់ បានឆ្លើយតបដោយការបាញ់មីស៊ីល និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងគោលដៅក្នុងប្រទេសអ៊ីស្រាអែល។នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មីស៊ីលបានវាយប្រហារអគារមួយនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៧១ នាក់រងរបួស នេះបើយោងតាមក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល។ បេសកកម្មរបស់អ៊ីរ៉ង់ ទៅកាន់អង្គការសហប្រជាជាតិបានបដិសេធការអះអាងនេះ ដោយថា ការវាយប្រហារនេះគឺសំដៅទៅលើទីស្នាក់ការកណ្តាលរបស់អង្គភាពទូរគមនាគមន៍ C4I របស់កងទ័ពអ៊ីស្រាអែល និងកន្លែងស៊ើបការណ៍សម្ងាត់មួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top