វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិកបាន “បំផ្លាញចោលទាំងស្រុង” នូវរោងចក្រនុយក្លេអ៊ែរសំខាន់ៗ ចំនួនបីរបស់អ៊ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានលូកដៃចូលទៅក្នុងសង្រ្គាម របស់អ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដោយគំរាមកំហែងការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ មិនផ្លាស់ប្តូរផ្លូវដើររបស់ខ្លួន។
លោក ដូណាល់ ត្រាំ បានឲ្យដឹងថា គោលបំណងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើការវាយប្រហារ “ភាពជាក់លាក់ដ៏ធំ” លើគ្រឿងបរិក្ខារគឺ “ការបំផ្លិចបំផ្លាញនៃសមត្ថភាពពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបញ្ឈប់ការគំរាមកំហែងនុយក្លេអ៊ែរ ដែលបង្កឡើងដោយអ្នកឧបត្ថម្ភរដ្ឋលេខ ១ នៃភេរវកម្ម” ។
ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាឲ្យកងទ័ពអាកាសអាមេរិក បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 ទៅវាយប្រហារលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញូមចំនួន៣ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានបញ្ជាក់ថា ការប្រហារនេះ គឺជាជោគជ័យខាងយោធា ដ៏អស្ចារ្យរបស់អាមេរិក ហើយកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញូម សម្រាប់ផលិតអាវុធ នុយក្លេអែរសំខាន់ៗរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញចោលទាំងស្រុង”។
លោក ដូណាល់ ត្រាំ បានឲ្យដឹង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា យន្តហោះទាំងអស់បានផ្លាស់ទី ចេញពីដែនអាកាសអ៊ីរ៉ង់ ប៉ុន្តែការសម្រេចចិត្តរបស់លោក ក្នុងការចូលរួមដោយផ្ទាល់ជាមួយយោធាសហរដ្ឋអាមេរិក នៅក្នុងជម្លោះដែលកំពុងកើនឡើង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចនាំឱ្យមានសង្គ្រាមកាន់តែ ទូលំទូលាយនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
គួរបញ្ជាក់ថា អាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញូមចំនួន៣ កន្លែងរបស់អ៊ីរ៉ង់រួមមានរោងចក្រ Fordo ដែលជាតំបន់ភ្នំនៅកណ្តាល ប្រទេសអ៊ីរ៉ង់ ហើយវាជាកន្លែង ដែលកន្លែងចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ក្រោមដីដ៏សំខាន់របស់ប្រទេសនេះ និងទីតាំងនុយក្លេអ៊ែរពីរផ្សេងទៀតនៅ Natanz និង Isfahan ។
ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីមួយសប្តាហ៍ នៃសញ្ញាចម្រុះពីលោក លោក ដូណាល់ ត្រាំ ដោយអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងការវាយប្រហារតាមអាកាស ដែលខ្លួនបានចាប់ផ្តើម កាលពីដើមខែនេះ ដោយផ្តោតលើទីតាំងជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងដែលទាក់ទង នឹងកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ផងដែរ។
ប្រែសម្រួល ឈូក បូរ៉ា
