ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ រំពឹងថា នឹងបានជួបជាមួយប្រធានាធិបតីរុស្ស៊ី បន្ទាប់ពីអាមេរិកវាយប្រហារលើ រោងចក្រនុយក្លេអ៊ែររបស់ខ្លួន ៣ទីតាំង

RT News

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi រំពឹងថានឹងរៀបចំកិច្ចប្រជុំ “សំខាន់” ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលបានរៀបចំទុកជាមុនទៅកាន់ទីក្រុងមូស្គូ ដែលបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រនុយក្លេអ៊ែរនៅសាធារណរដ្ឋអ៊ីស្លាម នៅចុងសប្តាហ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបានធ្វើសកម្មភាពដើម្បីគាំទ្រ ដល់ប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ជាមួយនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជា “ការវាយប្រហារដ៏ជាក់លាក់ដ៏ធំ” លើរោងចក្រនុយក្លេអ៊ែរនៅ Fordow, Natanz និង Esfahan ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពី បានមកដល់ទីក្រុងមូស្គូកាលពីព្រឹកថ្ងៃច័ន្ទ លោក Araghchi បាននិយាយថា ស្ថានភាពទាមទារឱ្យមានការសម្របសម្រួលជាបន្ទាន់។

វិមានក្រឹមឡាំងមិនទាន់បញ្ជាក់អំពីជំនួបរវាងលោកពូទីន និងលោក Abbas Araghchi នៅឡើយទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា អ៊ីរ៉ង់មានសិទ្ធិប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top