បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានអំពាវនាវឱ្យមានដំណោះ ស្រាយការទូត នៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ។
ថ្លែងក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃសៅ រ៍ជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian លោក El-Sisi បានជំរុញឱ្យភាគីនានាទប់ស្កាត់វដ្ដ នៃអំពើហិង្សាពីការរីករាលដាល ចំពោះវិបត្តិនេះ។
យោងតាមអ្នកនាំពាក្យប្រធានាធិបតី El-Sisi បានបញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាង ដាច់អហង្ការរបស់ទីក្រុង Cairo ចំពោះការបន្តកើនឡើងយោធារបស់អ៊ីស្រាអែល ដោយពណ៌នាថា វាជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃមជ្ឈិមបូព៌ា ក្នុងពេលដ៏សំខាន់មួយ នៅពេលដែលតំបន់កំពុងជួបប្រទះ វិបត្តិជាច្រើនរួចទៅហើយនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ មុននេះកាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង លើស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានថ្កោលទោសការកើនឡើង នៃយោធាយ៉ាងឆាប់រហ័ស ។
យ៉ាងណាក្តីអេហ្ស៊ីបក៏បានបញ្ជាក់ជាថ្មី ពីការប្រឆាំងរបស់ប្រទេសអេហ្ស៊ីប ចំពោះការរំលោភលើធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដោយអំពាវនាវ ឱ្យមានការគោរពពេញលេញ លើអធិបតេយ្យភាពរបស់រដ្ឋមួយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
