ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បើកការវាយប្រហារ ដោយមីស៊ីល ទៅលើទីតាំងមូលដ្ឋាន ទ័ពអាមេរិក មួយចំនួន នៅមជ្ឈឹមបូព៍ា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងតេហរ៉ង់បានចាប់ផ្តើមការវាយប្រហារ សងសឹកប្រឆាំងនឹងការដំឡើង យោធារបស់សហរដ្ឋអាមេរិក នៅទូទាំងមជ្ឈឹមបូព៌ា។

ចំពោះប្រតិបត្តិការដែលអ៊ីរ៉ង់ហៅឈ្មោះ ‘Herald of Victory’ រហូតមកដល់ពេលនេះ បានវាយលុកកន្លែងនានា នៅក្នុងប្រទេសកាតា និងអ៊ីរ៉ាក់ជាដើម។

​វីដេអូ​ដែល​មិន​បាន​ផ្ទៀងផ្ទាត់​ ដែល​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ​បង្ហាញ​ពី​ការ​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​នៅ​លើ​ផ្ទៃ​មេឃ​ខាង​លើ​ប្រទេស​កាតា ។ ជាក់ស្តែង ការការពារប្រឆាំងយន្តហោះ ត្រូវបានដំណើរការ ដោយមានមីស៊ីលស្ទាក់ ចាប់ជាច្រើនគ្រាប់។

ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា បានដាក់កំណត់គោលដៅ លើមូលដ្ឋានទ័ពអាកាស Al Udeid ដែលជាទីតាំងយោធាដ៏ធំទូលាយ ដែលប្រើប្រាស់ដោយយោធាកាតា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

យ៉ាងណាក្តីកងកម្លាំងយោធា នៃប្រទេសកាតាបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ទាំងអស់ ដោយមិនមានអ្នកស្លាប់ ឬរបួសនោះទេ ហើយក្រសួងការបរទេស របស់ប្រទេសកាតាបានថ្កោលទោស ការវាយប្រហារនេះថាជា ការរំលោភលើអធិបតេយ្យភាព របស់ខ្លួនដោយបញ្ជាក់ថាទីក្រុងដូហារក្សាសិទ្ធិ ក្នុងការឆ្លើយតបទៅនឹងការ វាយប្រហារនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top