ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធសំណើបទឈប់បាញ់ ខណៈលោក ត្រាំ ប្រកាសបញ្ចប់សង្គ្រាម រយៈពេល ១២ថ្ងៃ

The Guadian

តេអេរ៉ង់៖ សញ្ញាជម្លោះបានលេចចេញឡើង ជុំវិញបទឈប់បាញ់ ដែលបានរាយការណ៍រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយមន្ត្រីអ៊ីរ៉ង់ បានបដិសេធថា មិនមានកិច្ចព្រមព្រៀងផ្លូវការ ណាមួយត្រូវបានសម្រេចនោះទេ ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា “សង្រ្គាម ១២ ថ្ងៃ” ក៏ដោយ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា មិនមាន “កិច្ចព្រមព្រៀង” ស្តីពីបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួន ដើម្បីបញ្ឈប់ការសងសឹក ប្រសិនបើការវាយប្រហារ របស់អ៊ីស្រាអែល ត្រូវបានបញ្ឈប់ដូចគ្នា។

លោក Araqchi បានសរសេរនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ឲ្យដឹងថា “ប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការឈ្លានពានខុសច្បាប់របស់ខ្លួន ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ មិនលើសពីម៉ោង ៤ ទៀបភ្លឺថ្ងៃអង្គារនេះទេ នោះ អ៊ីរ៉ង់មិនមានចេតនាបន្តការឆ្លើយតប របស់ខ្លួននោះទេ” ដោយបន្ថែមថា “ការសម្រេចចិត្តចុងក្រោយ ស្តីពីការបញ្ឈប់ប្រតិបត្តិការយោធា របស់អ៊ីរ៉ង់នឹងត្រូវបានធ្វើឡើង នៅពេលក្រោយ” ។

ប៉ុន្មានម៉ោងមុននេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់កាសែត CNN ថា ទីក្រុងតេអេរ៉ង់ មិនបានទទួលសំណើបទឈប់បាញ់ជាផ្លូវការណាមួយពីសហរដ្ឋអាមេរិក ហើយក៏មិនឃើញហេតុផលណាមួយ ដើម្បីបញ្ឈប់អរិភាពនោះឡើយ។

មន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីថា “នៅពេលនេះ ខ្មាំងសត្រូវកំពុងធ្វើសកម្មភាព ឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ កំពុងឈានដល់ការបង្កើន ការវាយប្រហារសងសឹករបស់ខ្លួន ដោយគ្មានពេលស្តាប់ការភូតកុហករបស់សត្រូវនោះទេ” ។ លោកបានបន្ថែមថា ការកត់សម្គាល់របស់មេដឹកនាំអាមេរិក និងអ៊ីស្រាអែល នឹងត្រូវបានគេមើលឃើញថាជា “ការបោកបញ្ឆោត” ដែលមានបំណងបង្ហាញ អំពីភាពត្រឹមត្រូវនៃការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់។

គិតត្រឹមយប់ថ្ងៃចន្ទនេះ ទាំងមន្ត្រីអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានបញ្ជាក់ជាសាធារណៈ នូវកិច្ចព្រមព្រៀងណាមួយឡើយ ។ សេតវិមានអាមេរិក និងមន្ទីរបញ្ចកោណ ក៏មិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការដែរ ហើយវានៅតែមិនច្បាស់ថា តើកិច្ចព្រមព្រៀង ដែលបានរាយការណ៍ ត្រូវបានទាក់ទង តាមរយៈបណ្តាញការទូត ឬថាតើភាគីណាមួយមានបំណង អនុវត្តតាមលក្ខខណ្ឌទាំងនោះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top