ដូហា ៖ ក្រសួងការពារជាតិកាតា បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសកាតា បានស្ទាក់ចាប់កាំជ្រួចមីស៊ីលឆ្លងទ្វីបអ៊ីរ៉ង់ចំនួន ១៨ គ្រាប់ក្នុងចំណោម ១៩ គ្រាប់ សំដៅទៅលើមូលដ្ឋានទ័ព អាកាសអាមេរិក Al Udeid ក្នុងនោះមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្នុងមូលដ្ឋាន ដោយមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬខូចខាតសម្ភារៈនោះឡើយ។
លោក Shayeq Al-Hajri អនុប្រធានប្រតិបត្តិការរួម បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានថា កាំជ្រួចត្រូវបានបាញ់ក្នុងរលកពីរផ្សេងគ្នា។ កាំជ្រួចស្ទាក់ចាប់ត្រូវបានបំផ្លាញ លើសមុទ្របន្ទាប់ពីចូលក្នុងដែន អាកាសកាតា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Al-Hajri បានលើកឡើងថា “យើងបានទទួលការស៊ើបការណ៍ មុននៅថ្ងៃដែលបង្ហាញពីការគំរាមកំហែង ដល់ការដំឡើងយោធាក្នុងតំបន់ជាច្រើន រួមទាំង Al Udeid ” លោកបានសង្កត់ធ្ងន់លើការត្រៀមខ្លួនខាងយោធារបស់កាតា ដោយកត់សម្គាល់ថា សមត្ថភាពរបស់ខ្លួន «ហួសពីអ្វីដែល ត្រូវបានបង្ហាញ» ។
ការវាយប្រហារបានជំរុញ ឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវរាល់ចរាចរណ៍ផ្លូវអាកាស ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលកាតា ក្រោយមកបានប្រកាសពី ការដំណើរការជើងហោះហើរឡើងវិញ ពេញលេញ ដោយសរសើរការសម្របសម្រួលក្នុង ចំណោមភ្នាក់ងាររដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពអាកាសចរណ៍ ។
នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសលោក Majed Al Ansari បានឲ្យដឹងថា កាតាកំពុងថ្លឹងថ្លែងនូវការឆ្លើយតបការទូត “រឹងមាំ និងឆ្លាតវៃ”។ លោកបានពណ៌នាការវាយប្រហារនេះថាជា “ការភ្ញាក់ផ្អើល” ដែលបានផ្តល់ឱ្យនូវកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏សំខាន់របស់ទីក្រុងដូហា ក្នុងការសម្រុះសម្រួលជម្លោះក្នុងតំបន់។ លោក Al Ansari បានបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ការជូនដំណឹង ជាមុនអំពីការវាយប្រហារនេះ ដល់ទាំងសហរដ្ឋអាមេរិក និងកាតា តាមរយៈបណ្តាញការទូត។ លោកបានបញ្ជាក់ថា ឧប្បត្តិហេតុនេះនឹងមិនរារាំងកាតាពីតួនាទីសម្រុះសម្រួល ដែលកំពុងបន្តនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា
