បរទេស ៖ បុរសពីរនាក់ត្រូវ បានចាប់ខ្លួន បន្ទាប់ពីប៉ូលិសបានរកឃើញគ្រាប់បែក កំណត់ម៉ោងផលិតក្នុងស្រុកមួយ នៅក្នុងរថយន្តរបស់ពួកគេ នៅឯប៉ុស្តិ៍ត្រួតពិនិត្យក្នុងខេត្ត Phang Nga កាលពីព្រឹកថ្ងៃអង្គារ ។ បុរសទាំងពីរនាក់នោះ បានធ្វើដំណើរទៅភូកេត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលោកវីរសេនីយ៍ Weerapong Rakchito នាយប៉ុស្តិ៍នគរបាល Muang Phang Nga បានឱ្យដឹងថា រថយន្ត Honda City ពណ៌ខ្មៅ ពាក់ស្លាកលេខ Surin ត្រូវបានប៉ូលិសបញ្ឈប់នៅម៉ោងប្រហែល 3.30 ទៀបភ្លឺ នៅចំណុចត្រួតពិនិត្យក្បែរផ្លូវបំបែកមួយ ទល់មុខសាលាក្រុង Phang Nga ។
ការឆែកឆេររថយន្ត បានរកឃើញគ្រឿង ផ្ទុះផលិតនៅក្នុងស្រុក ។ គ្រឿងផ្ទុះរួមបញ្ចូលឧបករណ៍ កំណត់ម៉ោងឌីជីថល ដែលភ្ជាប់ទៅនឹងសៀគ្វី នៅខាងក្នុងថង់ប្លាស្ទិកថ្លា និងម្សៅគ្រាប់មួយចំនួន ។ វាត្រូវបានលាក់ក្នុងចំណោម របស់របររបស់ពួកគេនៅលើកៅអីខាងក្រោយ។
មន្ត្រីជំនាញផ្នែកកម្ចាត់អាវុធជាតិផ្ទុះបានពិនិត្យវត្ថុនោះ ហើយបានសន្និដ្ឋានថាជាគ្រាប់បែកកែច្នៃ។ បុរសពីរនាក់អាយុ២៩ឆ្នាំនិង៣៧ឆ្នាំត្រូវបានឃាត់ខ្លួន។ ឈ្មោះរបស់ពួកគេមិនត្រូវបានបញ្ចេញនោះទេ ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេមកពីខេត្តប៉ាតានី។
ក្នុងពេលសាកសួរ បុរសទាំងនោះបាននិយាយថា ពួកគេត្រូវបានគេជួលម៉ោងប្រហែល ៧ យប់ថ្ងៃច័ន្ទ ឲ្យបើករថយន្តចេញពីស្រុក Thepha ខេត្ត Songkhla ។ អ្នកជួលពួកគេបានផ្តល់ស្មាតហ្វូនមួយ និងកាបូប wi-fi ជាមួយនឹងគោលដៅមួយនៅភូកេតដែលបានដាក់នៅលើ GPS ៕
