ព្រុចសែល៖ បណ្ដាមេដឹកនាំអឺរ៉ុប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដោយយោធាជាបន្តបន្ទាប់ ដែលបានបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។
នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបាននិយាយថា រដ្ឋាភិបាលក្រូអាតកំពុង “តាមដានស្ថានការណ៍ដោយក្តីបារម្ភយ៉ាងខ្លាំង” ជាពិសេសការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោកបានព្រមានថាការកើនឡើងបន្ថែមទៀតអាចនាំឱ្យមានផលវិបាកជាច្រើន រួមទាំងការកើនឡើងតម្លៃថាមពល ការបង្កើនការធ្វើចំណាកស្រុក និងការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ជំហររបស់យើងគឺច្បាស់លាស់: ការកើនឡើងគួរតែត្រូវបានជៀសវាង រដ្ឋាភិបាលក្រូអាតអំពាវនាវឱ្យមានការអត់ធ្មត់ ការស្ងប់ស្ងាត់នៃភាពតានតឹង និងការបន្ធូរបន្ថយជម្លោះ”។ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ក៏បានរិះគន់សកម្មភាពយោធាអាមេរិកនាពេលថ្មីៗនេះក្នុងតំបន់ ដោយហៅការវាយប្រហារលើអ៊ីរ៉ង់ថា ជាការរំលោភច្បាប់អន្តរជាតិ។
លោក Vucic បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់អគ្គសេនាធិការថា “គ្មានអ្វីគួរឱ្យសង្ស័យទេដែលសហរដ្ឋអាមេរិកបានរំលោភលើច្បាប់សាធារណៈអន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ដោយគូរស្របទៅនឹងការទម្លាក់គ្រាប់បែករបស់អង្គការណាតូក្នុងឆ្នាំ ១៩៩៩ លើប្រទេសយូហ្គោស្លាវី លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានអន្តរជាតិ។ លោក Vucic ក៏បានសម្ដែងការសោកស្ដាយ ចំពោះការខកខានឱកាសការទូតរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
