បរទេស៖ ឱនភាពពាណិជ្ជកម្មរបស់ប្រទេសថៃ ជាមួយប្រទេសចិនកើនឡើង ២០០ ពាន់លានបាត ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ដោយសារការនាំចូលគ្រឿងចក្រ និងវត្ថុធាតុដើមមានកំណើនការនាំចេញតិចតួច។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសថៃ ជាមួយប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់ ៧៦៨ ពាន់លានបាតក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ (ខែមករា ដល់ខែឧសភា) ដែលជាការកើនឡើងយ៉ាងខ្លាំងចំនួនជាង ២០០ ពាន់លានបាតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពាណិជ្ជកម្មសរុបរវាងប្រទេសថៃ និងចិនក្នុងអំឡុងពេលនេះមានចំនួន ៥៧,៧១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦,១១% ពី ៤៥,៧៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការនាំចេញរបស់ថៃមានតម្លៃសរុប ១៧,២១ ពាន់លានដុល្លារ ខណៈការនាំចូលបានកើនឡើងដល់ ៤០,៥០ ពាន់លានដុល្លារ ដែលបណ្តាលឲ្យមានឱនភាពពាណិជ្ជកម្មចំនួន ២៣,២៩ ពាន់លានដុល្លារ។
ទោះបីជាការនាំចេញរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិនបានកើនឡើង ១៧,៨៧% ក៏ដោយ ប៉ុន្តែការនាំចូលពីប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ២៩,៩៨% ដែលជាការពង្រីកឱនភាព។ បើគិតជាប្រាក់បាត ឱនភាពបានកើនឡើងពី ៥៤៦ ពាន់លានបាតកាលពីឆ្នាំមុនដល់ ៧៦៨ ពាន់លានបាតនៅឆ្នាំនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
