បរទេស៖ ក្រុមអនីតិជនចំនួន ១៣ នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួននៅក្នុងស្រុក Chaiwan នៃខេត្ត Udon Thani កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានបើកម៉ូតូ និងគប់គ្រឿងផ្ទុះតូចៗដែលផលិតនៅក្នុងស្រុក ចូលទៅខាងមុខមន្ទីរពេទ្យ Chaiwan ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សកម្មភាពរបស់ពួកគេបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងមូលដ្ឋានក្នុងចំណោមអ្នកជំងឺ គិលានុបដ្ឋាយិកា និងអ្នកនៅក្បែរនោះ។
យោងតាមប៉ូលីស គឺ យុវជនទាំងនោះបានសារភាពថា ពួកគេពិតជាបានព្យាយាមបំភិតបំភ័យសមាជិកក្រុមគូប្រជែង។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៨ យប់ នៅពេលដែលការផ្ទុះដែលត្រូវបានគេរាយការណ៍ថា សរុបចំនួន ៨ ត្រូវបានឮនៅតាមផ្លូវភ្លាមៗនៅខាងក្រៅមន្ទីរពេទ្យ។ គិលានុបដ្ឋាយិកាបានទូរស័ព្ទទៅប៉ូលិសភ្លាមៗ ដោយខ្លាចមានអំពើហិង្សាបន្តទៀត។
ក្រុមអ្នកស៊ើបអង្កេតបានឆែកមើលកាមេរ៉ាសុវត្ថិភាព តាមដានក្រុមបង្កហិង្សាវ័យក្មេងដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ និងរឹបអូសបានម៉ូតូចំនួន៥ គ្រឿងដែលប្រើក្នុងការវាយប្រហារ។
យុវជនទាំងនោះបានសារភាពចំពោះការវាយប្រហារដោយពន្យល់ថាពួកគេបានបញ្ជូនការគំរាមកំហែងទៅកាន់ក្រុមយុវជនដែលជាគូប្រជែងក្នុងសង្កាត់នោះ៕
ប្រែសម្រួលៈ ណៃ តុលា
