បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធមិនពិភាក្សា អំពីបទឈប់បាញ់អ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំ របស់លោកជាមួយលោក Vladimir Zelenskyនោះទេ នៅឯខាងក្រៅកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅទីក្រុងឡាអេ។
ទោះបីជាយ៉ាងណាក្តីការប្រកាសនេះហាក់ដូចជាមានភាព ផ្ទុយទៅនឹងអ្វីដែលលោកZelensky បានពណ៌នាកិច្ចប្រជុំនេះថា មានរយៈពេលវែង និងសំខាន់ ដោយអះអាងទៀតថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីវិធីដើម្បី សម្រេចបាននូវសន្តិភាពពិតប្រាកដ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ លោក Trump បាននិយាយថា ប្រធានបទនេះមិនមែនជាផ្នែក នៃការសន្ទនានោះទេ។ គាត់បាននិយាយថា៖អត់ទេ ខ្ញុំគ្រាន់តែចង់ដឹងថា គាត់ធ្វើយ៉ាងម៉េចប៉ុណ្ណោះ។
លោក Trump បានបន្ថែមទៀតថា លោកមានគម្រោងនិយាយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងក្តីសង្ឃឹមថានឹងអាចបញ្ចប់ជម្លោះបាន ទោះបីជាលោកមិនបានបញ្ជាក់ ពីពេលណាដែលការសន្ទនា អាចនឹងកើតឡើងក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
