ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស នឹងទិញយន្តហោះចម្បាំង F-35A របស់អាមេរិកចំនួន ១២ គ្រឿង ដែលមានសមត្ថភាព ផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ

U.s Airforce

បរទេស៖ នាយករដ្ឋមន្ត្រី លោក Keir Starmer បានប្រកាសកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងទិញយន្តហោះចម្បាំង F-35A ផលិតដោយ សហរដ្ឋអាមេរិក ចំនួន ១២ គ្រឿងដែលមានសមត្ថភាព ផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ហើយនឹងចូលរួម បេសកកម្ម នុយក្លេអ៊ែរនៅលើ អាកាសរួមគ្នា របស់អង្គការណាតូ នៅក្នុងការពង្រីកដ៏សំខាន់ នៃអាវុធនុយក្លេអ៊ែរ របស់ខ្លួន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបានហៅវាថា “ការពង្រឹងដ៏ធំបំផុតនៃជំហរ នុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ក្នុងមួយជំនាន់” ។

លោក Starmer បានធ្វើការប្រកាសនេះ ខណៈកំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅប្រទេសហូឡង់។ អគ្គលេខាធិការ អង្គការណាតូ លោក Mark Rutte បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយហៅការ សម្រេចចិត្តនេះថា “ការរួមចំណែកដ៏រឹងមាំមួយទៀតរបស់អង់គ្លេស ចំពោះអង្គការណាតូ” ។

ចក្រភពអង់គ្លេសបានបញ្ឈប់អាវុធបរមាណូ ទម្លាក់តាមអាកាសក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់ពីការបញ្ចប់សង្រ្គាមត្រជាក់។ ឃ្លាំងអាវុធនុយក្លេអែរ របស់អង់គ្លេស នៅពេលនេះមាន មីស៊ីលដែលមានមូលដ្ឋាន លើនាវាមុជទឹក។

សមាជិកអង្គការណាតូតែបីប៉ុណ្ណោះ គឺសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង គឺជាមហាអំណាចនុយក្លេអ៊ែរ ខណៈដែលប្រទេសចំនួនប្រាំពីរ បានរួមចំណែកក្នុងបេសកកម្ម នុយក្លេអ៊ែររបស់សម្ព័ន្ធមិត្ត ដោយបានរួមចំណែក ដល់យន្តហោះដែលអាចផ្ទុកបានទាំងអាវុធធម្មតា ឬអាវុធ ឬគ្រាប់បែក B61 របស់អាមេរិកដែលស្តុកទុកនៅអឺរ៉ុប។

ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយចក្រភព អង់គ្លេស ជាផ្នែកនៃបេសកកម្ម នឹងតម្រូវឱ្យមានការអនុញ្ញាតពីក្រុមផែនការ នុយក្លេអ៊ែររបស់អង្គការណាតូក៏ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីអង់គ្លេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top