ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូអះអាងថា កិច្ចពិភាក្សាដើម្បីសន្តិភាព ជាមួយនឹងអ៊ុយក្រែន នឹងត្រូវពន្យាពេលសិន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ និងក្រុងគៀវបច្ចុប្បន្នកំពុងធ្វើការ ដើម្បីអនុវត្តឱ្យបានពេញលេញ នូវផ្នែកមនុស្សធម៌ នៃកិច្ចព្រមព្រៀងពីមុនរបស់ពួកគេដូច្នេះហើយបច្ចុប្បន្ន មិនមានការចរចាណាមួយ កំពុងដំណើរការលើ ផែនទីបង្ហាញផ្លូវសន្តិភាពរៀងៗ ខ្លួននោះទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់កាលពីថ្ងៃពុធ លោក Peskov បានកត់សម្គាល់ថាកាលបរិច្ឆេទ ពិតប្រាកដនៃកិច្ចចរចាជុំបន្ទាប់ជាមួយក្រុងគៀវនឹងត្រូវសម្រេច បន្ទាប់ពីការសន្យាពីមុនទាំងអស់ ត្រូវបានបំពេញ ដោយសំដៅលើការផ្លាស់ប្តូរអ្នកទោស និងការធ្វើមាតុភូមិនិវត្តន៍ របស់ទាហាន ដែលត្រូវបានសម្លាប់ទាំងនោះសិន។

ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើកិច្ចចរចា ដោយផ្ទាល់នៅតួគីកាលពីខែមុន ដោយចាប់ផ្តើមដំណើរការការទូតឡើងវិញ ដែលត្រូវបានផ្អាកដោយទីក្រុងគៀវ កាលពីក្នុងឆ្នាំ២០២២ បន្ទាប់ពីខ្លួនបានជ្រើសរើស ដើម្បីស្វែងរកជ័យជម្នះ ក្នុងសមរភូមិជាមួយនឹង ជំនួយរបស់លោកខាងលិច។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំចុងក្រោយ របស់ពួកគេកាលពីថ្ងៃទី២ខែមិថុនា ភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរអ្នកទោស និងអដ្ឋិធាតុនៃទាហានដែលបានស្លាប់ ដោយសារហេតុផលមនុស្សធម៌។

គួរឲ្យដឹងដែរថាប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីក៏បានធ្វើផ្លាស់ប្តូរគ្នា ទៅលើសេចក្តីព្រាងអនុស្សរណៈ ដែលបង្ហាញពីផ្លូវដែល បានស្នើឡើងរបស់ពួកគេទៅ កាន់សន្តិភាពរួចទៅហើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top