ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធាម្នាក់ទៀតរបស់អ៊ីរ៉ង់ ស្លាប់ដោយរបួសពីការវាយប្រហាររបស់អ៊ីស្រាអែល

China Daily

តេអេរ៉ង់៖ ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បានបញ្ជាក់ថា មេបញ្ជាការរបស់ខ្លួនលោក Ali Shadmani ដែលបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានទទួលមរណភាពដោយសាររបួសរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Shadmani ដែលទើបបានជំនួសតំណែងលោក Gholam Ali Rashid ក្នុងតួនាទីជាយោធានោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការអ៊ីរ៉ង់។

យោធាអ៊ីស្រាអែល បានអះអាងកាលពីសប្តាហ៍មុនថាបានសម្លាប់លោក Shadmani នៅក្នុងការវាយប្រហារតាមអាកាសពេញមួយយប់លើមជ្ឈមណ្ឌលបញ្ជាមួយនៅកណ្តាលទីក្រុងតេអេរ៉ង់ បច្ចុប្បន្ននេះ បទឈប់បាញ់ត្រូវបានប្រកាសចូលជាធរមានហើយរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ហើយអាមេរិក ក៏នឹងមានកិច្ចចរចាមួយទៀតជាមួយអ៊ីរ៉ង់ នៅសប្ដាហ៍ក្រោយ។

កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់។ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនលើកមកលើអ៊ីស្រាអែល ដោយបានបង្កឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងខ្លាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top