យេរ៉ូសាឡឹម៖ យោងតាមវីដេអូ ដែលចេញផ្សាយ ដោយ Mossad នៅថ្ងៃពុធបានឲ្យដឹងថា លោក David Barnea ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ Mossad របស់អ៊ីស្រាអែល បានឲ្យដឹងថា អង្គការនឹងបន្តសកម្មភាព របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង ។ វីដេអូបង្ហាញ Barnea ថ្លែងទៅកាន់ប្រតិបត្តិករ នៅទីស្នាក់ការ កណ្តាលប្រតិបត្តិការ របស់ទីភ្នាក់ងារនេះកាលពីថ្ងៃអង្គារ ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានចូលជាធរមាន។
លោកបានលើកឡើងថា “យើងនឹងបន្តតាមដានយ៉ាង ដិតដល់នូវរាល់គម្រោងរបស់អ៊ីរ៉ង់ ដែលយើងបានដឹងរួចមក ហើយក្នុងន័យស៊ីជម្រៅបំផុត។ យើងនឹងនៅទីនោះ ដូចដែលយើងបាននៅទីនោះ រហូតមកដល់ពេលនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា “ជាមួយនឹងការស៊ើបការណ៍ សម្ងាត់ត្រឹមត្រូវ បច្ចេកវិទ្យាទំនើប និងសមត្ថភាពប្រតិបត្តិការ ដែលមិននឹកស្មានដល់ យើងបានជួយកងទ័ពអាកាសបង្អាក់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បង្កើតឧត្តមភាពផ្លូវអាកាសលើអ៊ីរ៉ង់ និងកាត់បន្ថយការគំរាមកំហែងមីស៊ីល ដោយហេតុនេះធានា បាននូវសុវត្ថិភាពរបស់ពលរដ្ឋអ៊ីស្រាអែល”។
នៅក្នុងវីដេអូ លោក Barnea ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល របស់សហរដ្ឋអាមេរិក “សម្រាប់សកម្មភាពរួមគ្នា” ។ កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសដ៏ធំ ទៅលើតំបន់ផ្សេងៗគ្នា ក្នុងប្រទេស អ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់ជាច្រើននាក់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់ ។ អ៊ីរ៉ង់ បានឆ្លើយតបដោយការបាញ់មីស៊ីល និងការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកជាច្រើន លើកមកលើអ៊ីស្រាអែល ដោយបានបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់៕
ប្រែសម្រួល ឈូក បូរ៉ា
