បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌានឹងមិន មានភាពអត់អោន ចំពោះអំពើភេរវកម្ម ហើយនឹងមិនស្ទាក់ស្ទើរក្នុងការកំណត់គោលដៅ ភេរវករគ្រប់ទីកន្លែងដែលពួកគេនៅនោះទេ។
លោក Singh ដែលស្ថិតនៅក្នុងទីក្រុង Qingdao ប្រទេសចិន សម្រាប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិ នៃអង្គការ សហប្រតិបត្តិការសៀងហៃ ហៅកាត់ថាSCO បានអំពាវនាវឱ្យសមាជិកទាំងអស់នៃក្រុម ថ្កោលទោសយ៉ាងច្បាស់លាស់ ចំពោះអំពើភេរវកម្ម ។
គាត់បាននិយាយថា៖ការអត់ឱន គឺមិនមានសោះឡើយពីសំណាក់ប្រទេសឥណ្ឌា ចំពោះអំពើភេរវកម្មគឺបង្ហាញឱ្យឃើញនៅថ្ងៃនេះ តាមរយៈសកម្មភាពរបស់ខ្លួនដែល ក្នុងនោះរួមបញ្ចូលទាំងសិទ្ធិ របស់យើងក្នុងការការពារខ្លួនយើងប្រឆាំងនឹង អំពើភេរវកម្មផង។
ទាក់ទងនឹងការវាយប្រហាររបស់ទីក្រុងញូវ ដែលីកាលពីថ្ងៃទី៧ឧសភាប្រឆាំងនឹង ទីតាំងដែលសង្ស័យថាជាភេរវករនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយប៉ាគីស្ថាន រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានបន្ថែមថា យើងបានបង្ហាញថាចំណុចកណ្តាល នៃអំពើភេរវកម្មលែងមានសុវត្ថិភាពទៀតហើយ ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការកំណត់ គោលដៅរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះក៏បានសង្កត់ធ្ងន់ដែរថា សន្តិភាព និងវិបុលភាពគឺមិនត្រូវគ្នានឹងអំពើភេរវកម្ម និងការរីកសាយភាយអាវុធប្រល័យពូជសាសន៍ ដោយតួអង្គមិនមែនរដ្ឋ និងក្រុមភេរវករនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
