តូក្យូ៖ ប្រធានអ្នកចរចារបស់ប្រទេសជប៉ុន បានចាប់ផ្តើមសម្រាប់ការចរចារពន្ធមួយផ្សេងទៀត ជាមួយសហរដ្ឋអាមេរិក ដោយបានរំលឹកឡើងវិញមុនពេល ការចាកចេញរបស់លោកថាពន្ធបន្ថែម ២៥ ភាគរយដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន នៅតែមិនអាចទទួលយកបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Ryosei Akazawa រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធ បាននិយាយថា លោកនៅតែសង្ឃឹមថានឹងបញ្ចុះបញ្ចូល សហរដ្ឋអាមេរិកឱ្យពិនិត្យឡើងវិញនូវកាតព្វកិច្ចនេះ ជាពិសេសនៅពេលដែលការផ្អាករយៈពេល ៩០ ថ្ងៃនៅលើផ្នែកនៃអ្វីដែលហៅថា ពន្ធគយទៅវិញទៅមកដែលដាក់លើប្រទេសជប៉ុន និងប្រទេសផ្សេងទៀតផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា។
លោក Akazawa បានប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ មុនពេលចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយសំដៅទៅលើពន្ធនាំចូលដែលមានទម្ងន់ធ្ងន់ លើឧស្សាហកម្មរថយន្តដ៏ធំរបស់ប្រទេសជប៉ុន។
ជុំទី៧ នៃការចរចារតម្លៃថ្នាក់រដ្ឋមន្ត្រីនៅសប្តាហ៍នេះ ទំនងជាមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Howard Lutnick ដូចជុំមុនៗ។ ពន្ធលើរថយន្តគឺជាចំណុចជាប់គាំងសំខាន់ ក្នុងការចរចាទ្វេភាគីដែលបានចាប់ផ្តើមក្នុងខែមេសា។
ដំណើរទស្សនកិច្ចចុងក្រោយបំផុតនេះ គឺជាលើកទីមួយរបស់លោក Akazawa ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba មិនអាចធ្វើកិច្ចព្រមព្រៀងជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជុំវិញការយកពន្ធនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃទី ១៦ ខែមិថុនានៅប្រទេសកាណាដា។ ថ្នាក់ដឹកនាំបានយល់ព្រមឲ្យមាន ការចរចាបន្តនៅថ្នាក់រដ្ឋមន្ត្រី។
បន្ថែមពីលើការបង្កើនអត្រាពន្ធសម្រាប់រថយន្តដឹកអ្នកដំណើរដល់ទៅ ២៧.៥ ភាគរយពី ២.៥ ភាគរយ រដ្ឋបាលលោក ត្រាំ បានដំឡើងពន្ធលើវិស័យ និងប្រទេសជាក់លាក់ផ្សេងទៀត ក្នុងគោលបំណងកាត់បន្ថយឱនភាព ពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ដែលលោក ត្រាំ និយាយថាជាចម្បងបណ្តាល មកពីការអនុវត្តពាណិជ្ជកម្ម “អយុត្តិធម៌” ៕
ប្រែសម្រួល ឈូក បូរ៉ា
