បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលរដ្ឋបាល ត្រាំ នៅរក្សាការអះអាងថាគោលដៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបាន “លុបបំបាត់” , សារព័ត៌មាន CNN និងសារព័ត៌មានផ្សេងទៀតជាច្រើន កាលពីថ្ងៃអង្គារបានដកស្រង់ការវាយតម្លៃបឋម ផ្នែកស៊ើបការណ៍យោធាដែលបង្ហាញពី ការខូចខាតកម្រិតមធ្យមចំពោះកន្លែងនានា ទោះបីជាមានការរាយការណ៍អំពីការប្រើប្រាស់ គ្រាប់បែកកម្ទេចលេណដ្ឋានធុនធ្ងន់ក៏ដោយ។
លោក ដូណាល់ ត្រាំ បានសរសេរកាលពីថ្ងៃព្រហស្បតិ៍នៅលើ Truth Social ថា “អ្នកប្រជាធិបតេយ្យគឺជាអ្នកដែលបានបែកធ្លាយព័ត៌មាន ស្តីពីការហោះហើរដ៏ល្អឥតខ្ចោះ ទៅកាន់ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់។ ពួកគេគួរតែត្រូវបានកាត់ទោស!” ។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ របស់សហរដ្ឋអាមេរិក លោក Tulsi Gabbard បានចោទ “ប្រព័ន្ធផ្សព្វផ្សាយឃោសនា” ពីការប៉ុនប៉ងធ្វើឱ្យខូចដល់ប្រធានាធិបតី ដោយការបោះពុម្ពផ្សាយ “ការវាយតម្លៃព័ត៌មានសម្ងាត់ដែលបែកធ្លាយដោយខុសច្បាប់” ។ លោក ត្រាំ បានចោទប្រព័ន្ធផ្សព្វផ្សាយថាបានផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” អំពីអ្វីដែលគាត់ចាត់ទុកថា ជាជោគជ័យផ្នែកសន្តិសុខដ៏សំខាន់មួយ។
យោងតាមសារព័ត៌មាន Axios សេតវិមានជឿថា ឯកសារដែលផលិតដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ការពារជាតិប្រហែល 24 ម៉ោងបន្ទាប់ពីការវាយប្រហារតាមអាកាស ត្រូវបានលេចធ្លាយដោយបុគ្គលនៅក្នុងសភា។ ប្រភពបាននិយាយថា រដ្ឋបាលបានចែករំលែកការវាយតម្លៃនេះជាមួយ សមាជិកសភាកាលពីល្ងាចថ្ងៃចន្ទ ដោយប្រើប្រព័ន្ធសុវត្ថិភាពដែលគេស្គាល់ថាជា CAPNET ៕
ប្រែសម្រួលៈ ណៃ តុលា
