ព័ត៌មានអន្តរជាតិ

ក្រុមបញ្ញាវន្តរហូតដល់ ១៤៣នាក់ ដាក់ញត្តិទៅព្រះមហាក្សត្រថៃ ស្នើឱ្យដកតំណែង នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn ដោយចោទថា បានគំរាមកំហែងសន្តិសុខជាតិ

បរទេស៖ ក្រុមបញ្ញាវន្តមួយក្រុម បានដាក់ញត្តិរបស់ព្រះមហាក្សត្រថៃ អំពាវនាវឱ្យមានការដកតំណែង នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ដោយលើកឡើងពីកង្វះគុណវុឌ្ឍិ នៃភាពជាអ្នកដឹកនាំ ការចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញ និងទំនាក់ទំនងទៅនឹងឥទ្ធិពលបរទេស។

យោងតាមសារព័ត៌មាន The Nationចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកសិក្សាថៃចំនួន ១៤៣ នាក់បានដាក់ញត្តិ ថ្វាយព្រះមហាក្សត្រ ដោយជំរុញឱ្យមានការអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីជំនួសនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ។

ក្រុមនេះអះអាងថា លោកស្រីខ្វះសមត្ថភាព បទពិសោធន៍ និងភាពចាស់ទុំ ដែលតម្រូវឲ្យដឹកនាំប្រទេស ហើយចោទលោកស្រីពីអាកប្បកិរិយា ដែលរំលោភរដ្ឋធម្មនុញ្ញ និងគំរាមកំហែងសន្តិសុខជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយញត្តិនេះ ក្រុមបញ្ញាវន្តបានយោងទៅលើឃ្លីបសំឡេងរយៈពេល ១៧ នាទីនៃការសន្ទនាឯកជនរវាងលោកស្រី Paetongtarn និងប្រធានព្រឹទ្ធសភាកម្ពុជា ដែលចេញផ្សាយដោយអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥។

ការថតនោះមានផ្នែកមួយដែលលោកស្រី Paetongtarn សំដៅទៅលើមេបញ្ជាការ នៃតំបន់ទ័ពទីពីររបស់ប្រទេសថៃថាត្រូវបានរៀបចំជាមួយ “ភាគីប្រឆាំង” និងបង្ហាញឆន្ទៈក្នុងការបំពេញ តាមបំណងប្រាថ្នារបស់ប្រធានព្រឹទ្ធសភាកម្ពុជា ប្រសិនបើមានការស្នើសុំជាផ្លូវការ៕
ប្រែសម្រួលៈ ណៃ តុលា

To Top